ប្រទេសថៃៈ អាវុធគ្រាប់រំសេវ និងគ្រាប់បែកដៃជិត២០០គ្រាប់ ត្រូវបានសមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធ ព្រមទាំងបានធ្វើការដកហូតយកមករក្សាទុក នៅចំណុចតំបន់ចុងកាត់មាត់ញកមួយកន្លែង ខណៈដែលដឹងថាមានជនមិនស្គាល់មុខបាននាំយកគ្រាប់រំសេវទាំងនេះទៅលាក់ទុកនៅទីនោះដើម្បីឆ្លងដែនទៅលក់ឲ្យប្រទេសភូមាដើម្បីធ្វើសឹកសង្គ្រាមជាមួយនឹងប្រទេសថៃវិញ ។
តាមការឲ្យដឹងពីក្រុមតម្រួតថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងដែលស្ថិតនៅក្នុងតំបន់ចុងកាត់មាត់ញកមួយកន្លែង ក្បែជើងភ្នំ ក្នុងភូមិ២ ឃុំម៉ែកុ ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ ភូមា ។
បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍យ៉ាងច្បាស់រួចមក កម្លាំងនៃអធិការដ្ឋានតម្រួតស្រុកម៉ែសត បានធ្វើការសហការជាមួយក្រុមយោធាផ្នែកប្រឆាំងបទល្មើសក្នុងខេត្តតាក បានចុះទៅកាន់ទីតាំងខាងលើដោយនៅពេលនោះដែរគឺគ្មានមនុស្សនៅម្នាក់ឡើយដោយគ្រាន់តែសមត្ថកិច្ចបានប្រទះឃើញមានរណ្តៅដីទើបនឹងជីកថ្មីៗ ដែលពួកគេបម្រុងនឹងកប់លាក់ទុកអាវុធនិងគ្រាប់រំសេវទាំងនេះជាបណ្តោះអាសន្នក្នុងការរត់ពន្ធទៅកាន់ប្រទេសភូមា ។
នៅក្បែមាត់រណ្តៅនោះដែរ សមត្ថកិច្ចបានពិនិត្យឃើញមានការ៉ុងជីមួយចំនួនដោយក្នុងនោះមានអាវុធខ្នាត២២មួយដើមរួមទាំងគ្រាប់ថ្មីៗ ក្រៅពីនេះក៏នៅមានគ្រាប់បែកដៃប្រភេទM៦៧ ចំនួនប្រមាណជាង១០០គ្រាប់ គ្រាប់បែកដៃប្រភេទ M៧៩ ចំនួន៥១គ្រាប់ សរុបគ្រាប់ទាំងអស់នេះមានចំនួនជិត២០០គ្រាប់ ព្រមទាំងសម្លៀកបំពាក់ប៉ារ៉ា សម្រាប់ដើរព្រៃមួយចំនួន។
នៅពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមរកមុខសញ្ញារត់ពន្ធអាវុធទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងអាចបង្កឲ្យមានភាពចលាចលនៅក្នុងប្រទេសថៃផងដែរ ៕
មតិយោបល់