បាត់ដំបងៈ មានប្រភពជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាពិសេសគឺក្រុមគ្រួសារ និងសាច់ញាតិ នៃសពតែម្តង បន្ទាប់ពីមានការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដិកា របស់តុលាការ ខេត្តពោធិ៍សាត់ ។
ពាក់ព័ន្ធនឹងករណីឆបោកលុយ របស់ពលករទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលជនសង្ស័យរូបនោះត្រូវគេស្គាល់ឈ្មោះថា សារៈ មុនី អតីត ជាពិធីករ វិទ្យុ FM 91 Mz ខេត្តបាត់ដំបង ហើយត្រូវបានធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំខ្លួន បណ្តោះអាសន្នលេខ០២ នៃស្នងការដ្ឋាននគរបាល ខេត្តកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧ និង១៥នាទីយប់ ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទើបតែបានរយៈពេល២ម៉ោងតែប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា ជនសង្ស័យខាងលើនេះ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ហើយការឃាត់ខ្លួន គឺបានធ្វើឡើងខណៈដែលជនសង្ស័យ កំពុងជួបជុំមិត្តភ័ក្ត្រ ផឹកស៊ី នៅចំណុចចម្ការស្វាយ ស្ថិតនៅក្នុងភូមិ ឃុំ ដែលគេរស់នៅខាងលើ មកឃុំខ្លួនបណ្ដោះអាសន្ន ដោយសមត្ថកិច្ច មិនបានធ្វើកំណត់ហេតុដកហូត របស់របរដែលនៅជាប់នឹងខ្លួន របស់ជនសង្ស័យឡើយ ដែលបញ្ហានេះគឺជាការធ្វេសប្រហែស មួយយ៉ាងធ្ងន់ធ្ងរ របស់សមត្ថកិច្ច ដែលធ្វើឲ្យជនសង្ស័យ មានឱកាសយកអាវយឺត របស់ខ្លួនចង កទៅនឹងក្បាលគ្រែ ដើម្បីសម្លាប់ខ្លួនតែម្តង ។ បើតាមការពិនិត្យទៅលើដងខ្លួន របស់សពទាំងមូល គឺរបស់របរដូចជា វ៉ែនតា ខ្សែ ក ចិញ្ចៀនខោខៅប៊យ និងអាវយឺតស មាននៅជាប់នឹងខ្លួនទាំងអស់ ដោយគ្មានសមត្ថកិច្ចណា អនុវត្តតាមនិតិវិធី ធ្វើការដកហូតចេញពីខ្លួនប្រាណ របស់ជនសង្ស័យឡើយ ព្រោះវត្ថុ ទាំងអស់នេះគឺជាសម្ភារៈ ដែលអាចធ្វើឲ្យជនសង្ស័យ ធ្វើអត្តឃាតបាន នៅក្នុងទ្រុងដែក នៃបន្ទប់លេខ០២នេះ គឺមានអ្នកទោសចំនួន៣នាក់ហើយ ដែលបានធ្វើអត្តឃាត ដោយចង ក ខ្លួនឯងបែបនេះ ។
ដោយឡែកបើតាមលោក អួន ហ្វៃ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ប្រាប់ Post News ថា ការឃាត់ខ្លួននេះ គឺធ្វើទៅតាមដិកា របស់តុលាការ នឹងសាលក្រមតុលាការ ខេត្តពោធិ៍សាត់ ហើយយើងមិនបានដឹង អំពីមូលហេតុនៃការស្លាប់ របស់ជនសង្ស័យដែរ មិនដឹងថាគាត់មានរឿងអ្វី បានជាសម្រេចចិត្តធ្វើ អត្តឃាតខ្លួនបែបនេះ ព្រោះរឿងនេះជារឿងតូចតាច មិនមែនជារឿងអីធំដុំនោះទេ ហើយក្នុងច្បាប់វិញ គ្មានច្បាប់ណាកំណត់ឲ្យ ដោះខោអាវពីជនសង្ស័យនោះទេ លុះត្រាតែករណីធំៗ ទើបសមត្ថកិច្ច សម្រេចដោះខោអាវ ដើម្បីកុំឲ្យជនសង្ស័យ យកខោឬអាវទាំងនោះ ទៅរិតជម្រឹងបង្អួច រំដោះខ្លួនចេញ ធ្វើឲ្យលំបាកចាប់ ជនសង្ស័យបន្តទៀត ។
លោកបានបន្តទៀតថា ជនសង្ស័យខាងលើនេះ ជាមនុស្សមានមុខមានមាត់ នៅក្នុងខេត្តបាត់ដំបង សូម្បីតែកូនក្មេងក៏ស្គាល់គាត់ដែរ សមត្ថកិច្ចណាក៏ស្គាល់ដែរ ហើយមុនពេលកើតហេតុ សមត្ថកិច្ចបានទិញបាយឲ្យ ហូបជាធម្មតា ប៉ុន្តែចន្លោះពេលដែល អ្នកយាមទៅរកទិញបាយ ដើម្បីហូបខ្លួនឯង ក៏ស្រាប់តែជនសង្ស័យ បានធ្វើអត្តឃាតតែម្តង ។
ក្រោយពេលកើតហេតុ មានលោកព្រះរាជអាជ្ញារង ចុះទៅត្រួតពិនិត្យជាមួយនឹង សមត្ថកិច្ចជំនាញផងដែរ ទើបធ្វើការប្រគល់សព ទៅឲ្យក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯលំនៅដ្ឋាន ៕
មតិយោបល់