ចិនៈ ប៉ូលិសក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន បានចាប់ខ្លួនជនសង្ស័យ ១០៩ នាក់ នៅក្នុងប្រតិបត្ដិការប្រឆាំងនឹងការលួចបន្លំទូរគមនាគមន៍ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
កិច្ចបង្រ្កាបបទល្មើសនេះ គឺមានការចូលរួមពីប៉ូលិសជាង ២.០០០ នាក់ ដោយមានការជួយពីសត្វឆ្កែ និងកូនយន្តហោះស៊ើបការណ៍សម្ងាត់ នៅក្នុងទីក្រុង Binyang County និងតំបន់ជិតរដ្ឋធានីទីក្រុងណាននីង។
ប្រតិបត្ដិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការពិសេស ដើម្បីបង្ក្រាបការក្លែងបន្លំទូរគមនាគមន៍ ដែលដឹកនាំធ្វើទ្បើងដោយក្រសួងសន្តិសុខសាធារណៈ និងនាយកដ្ឋានសន្តិសុខសាធារណៈចិន នៅតំបន់ស្វយ័តក្វាងស៊ី ចាប់ពីតាំងថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០៩ ខែធ្នូ។
យោងតាមមន្ត្រីប៉ូលិសទីក្រុង Nanning បានឲ្យដឹងថា មនុស្ស ១៨៦ នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការ ដែលជាប់ពាក់ព័ន្ធនឹងក្រុមចោរ ២១ នាក់ នៅក្នុងទីក្រុង។ ក្នុងនោះដែរ ប៉ូលិសបានរឹបអូសយកកុំព្យូទ័រជិត ២០០ គ្រឿង ទូរស័ព្ទដៃជាង ៣០០ គ្រឿង, ម៉ាស៊ីន Pagers ១០ គ្រឿង កាតធនាគារជាង ៦០០ និងកាំភ្លើង០៥ ដើម។
សូមជំរាបថា នៅក្នុងប្រទេសចិន ត្រូវបានគេហាមឃាត់មិនឱ្យជនស៊ីវិលកាន់កាប់កាំភ្លើងនោះទេ។
មន្ត្រីប៉ូលិស បាននិយាយថា ការលួចបន្លំទូរគមនាគមន៍នេះ បានគំរាមកំហែងយ៉ាងខ្លាំង ដល់ស្ថេរភាពសង្គម និងទ្រព្យសម្បត្តិរបស់ប្រជាជន ហេតុដូចនេះ ប្រតិបត្តិការប៉ូលិស នឹងនៅតែធ្វើទ្បើងជាបន្តបន្ទាប់ ដើម្បីបង្ក្រាបលើការលួចបន្លំនេះ៕
មតិយោបល់