ព្រះសីហនុៈ ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកថវិកាចំនួន៦០០ដុល្លារ ទៅជួយឧបត្ថម្ភដល់លោកអនុសេនីយ៍ត្រី ឆន ពិសិដ្ឋ មន្ត្រីនគរបាលស្រុកព្រៃនប់ ដែលរងគ្រោះថ្នាក់រលាកភ្លើង ក្នុងការបំពេញបេសកកម្ម ជួយពន្លត់អគ្គិភ័យកាលពីម្សិលមិញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលសេតេ។
ក្នុងឱកាសនេះ លោកស្នងការ ជួន ណារិន្ទ ក៏បានថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ម្ចាស់គ្លីនិក ដែលមានចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ជួយព្យាបាលមន្ត្រីរបស់លោកដោយឥតគិតថ្លៃ។
គួររំឭកថា កាលពីវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយសារស្ទះបំពង់ឡកម្តៅ បណ្ដាលឲ្យផ្ទុះចរន្តអគ្គិសនីឆេះឡកម្តៅរបស់រោងចក្រផលិតកុងផ្លាកេ។ ហេតុការណ៍នេះ មានការអន្តរាគមន៍ពន្លត់ពីសំណាក់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ទើបភ្លើងរលត់ជាស្ថាពរ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានបណ្តាលឲ្យកម្លាំងនគរបាលម្នាក់ ឈ្មោះ ឆន ពិសិដ្ឋ ភេទប្រុស រងរបួសរលាកភ្លើងមួយចំហៀងខ្លួន ផ្នែកខាងស្តាំ ដោយសារអណ្តាតភ្លើងផ្ទុះចេញពីឡ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅគ្លីនិកសេតេ៕
មតិយោបល់