ការកើនឡើងនៃកម្តៅរបស់កុំព្យូទ័រយួរដៃ គឺជាបញ្ហាដ៏ចម្បងមួយដែលទាំងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផលិតផ្ទាល់ខិតខំកាត់បន្ថយជាយូរឆ្នាំមកហើយ។ ប៉ុន្តែ ការខិតខំរបស់ពួកគេពុំសូវជាមានប្រសិទ្ធភាពប៉ុន្មានទេ ខណៈរោងចក្រផលិត ព្យាយាមបង្រួមគ្រឿងគ្រៅរបស់វាដូចជា Motherboard, Processor, និង Harddrive ជាដើមឱ្យកាន់តែតូច និងកាន់តែខ្លាំង ហើយផ្គុំបញ្ចូលគ្នាកាន់តែកៀកគ្នាឡើងៗ។
កុំព្យូទ័រយួរដៃម៉ាក Apple ដូចជា MacBook Pro, MacBook Air ជាដើម មានការវិវឌ្ឍទៅរកលក្ខណៈសម្បត្តិបែបនោះខ្លាំងជាងគេ គឺរហូតដល់រកចម្លោះសម្រាប់ដាក់កង្ហារដែលអាចផ្តល់នូវភាពត្រជាក់គ្រប់គ្រាន់ដល់ម៉ាស៊ីនមិនបាន។ កត្តាទាំងនេះហើយដែលធ្វើឱ្យវាងាយស្រួលក្នុងការកើនកម្តៅ។
ទោះយ៉ាងណា Post Tech មានគន្លឹះដ៏មានប្រសិទ្ធភាពមួយចំនួនសម្រាប់ណែនាំប្រិយមិត្តដែលអាចយកទៅអនុវត្តតាម ដើម្បីជៀសវាងកុំឱ្យកុំព្យូទ័រយួរដៃ Apple របស់ខ្លួនកើនកម្តៅខ្លាំង នាំឱ្យប៉ះពាល់ដល់ម៉ាស៊ីន និងដំណើរការរបស់វា។

១– កុំដាក់កុំព្យូទ័រយួរដៃរបស់អ្នកនៅលើកម្រាលពូកខ្នើយពេលវាកំពុងបើក។ ព្រោះសម្ភារទុនៗទាំងនោះ អាចបិទផ្ទប់រន្ធដង្ហើម ឬរន្ធខ្យល់ចេញចូលរបស់វា ជាពិសេស រន្ធខ្យល់ខាងក្រោយ ដែលអាចបង្កឱ្យកុំព្យូទ័រឡើងក្តៅយ៉ាងឆាប់រហ័ស។
២– សូមកុំដាក់វត្ថុអ្វីណាលើក្តារចុចរបស់វាឱ្យសោះ នៅពេលគម្របរបស់វាបិទ។ បើលោកអ្នកដាក់វត្ថុអ្វីមួយនោះដោយចេតនាក្តី ឬអចេតនាក្តី វាអាចនឹងបង្កឱ្យកុំព្យូទ័ររបស់អ្នកបិទ/បើកៗម្តងហើយម្តងទៀត រហូតដល់បង្កជាកម្តៅក្តៅខ្លាំង ហើយនាំឱ្យស៊ីថ្មថែមទៀតផង។
៣– កុំប្រើវាជាប់រហូតពេក ចង់មិនចង់គួរតែបិទកុំព្យូទ័ររបស់អ្នកចោលនៅពេលយប់ដើម្បីទុកឱ្យវាចុះត្រជាក់។ ប្រសិនបើអ្នកប្រើវាតាមចន្លោះពេល អ្នកគួរតែកំណត់ឱ្យវា Standby នៅពេលមិនត្រូវការប្រើ។ ធ្វើដូចនេះ វាមិនត្រឹមតែជួយកាត់បន្ថយកម្តៅកំព្យូទ័រប៉ុណ្ណោះទេ តែថែមទាំងជួយសន្សំថ្មថែមទៀតផង។
៤– សូមប្រាកដថា កុំព្យូទ័រ Mac របស់អ្នកបិទរួចជាស្រេចនៅពេលដាក់ក្នុងកាបូប ឬកាតាប។
៥– សូមសម្អាតរន្ធខ្យល់ចេញចូលរបស់វាកុំឱ្យមានធូលីរាំងស្ទះ និងប៉ះពាល់ដល់ដំណើរការម៉ាស៊ីន។ អ្នកអាចទិញឧបករណ៍សម្អាតប្រើអគ្គីសនីតូចមួយជាជំនួយបាន៕
មតិយោបល់