ហ្គំប៊ីៈ ប្រធានាធិបតីដែលចង់គ្រប់គ្រងអំណាចបាន១០០០ឆ្នាំរបស់ប្រទេសហ្គំប៊ី លោក Yahya Jammeh បានចាកចេញពីប្រទេសខ្លួន ទៅកាន់ប្រទេសហ្គីណេ ដើម្បីទៅកាន់ប្រទេសទី៣ ក្រោយលោកបានគ្រប់គ្រងប្រទេសមួយនេះអស់រយៈពេល២២ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤មក។ នេះយោងតាមសារយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧។
ការសម្រេចចិត្តរបស់លោក Jammeh បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល កាលពីព្រឹកថ្ងៃសុក្រ ដើម្បីបញ្ចុះបញ្ចូលលោក Jammeh ឲ្យផ្ទេរអំណាចដោយសន្តិវិធី បើមិនដូច្នោះទេ លោកនឹងត្រូវចាកចេញពីប្រទេស ហើយប្រឈមនឹងចំណាត់ការផ្លូវយោធាអាហ្វ្រិកខាងលិច ដែលមានសមាជិក១៥ប្រទេស ហៅកាត់ថា ECOWAS វាយកម្ទេចតែម្តង។
ក្រោយដំណើរចាកចេញរបស់អតីតប្រធានាធិបតីប្រទេសមួយនេះ ប្រធានាធិបតីហ្គំប៊ីថ្មី គឺលោក Adama Barrow បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្កាល់ បន្ទាប់ពីលោកមិនអាចស្បថចូលកាន់តំណែងនៅក្នុងរដ្ឋធានីនៃប្រទេសហ្គំប៊ីបាន ប៉ុន្តែលោកនឹងវិលត្រឡប់វិញនាពេលឆាប់ៗនេះ ក្រោយកិច្ចប្រជុំមួយក្នុងប្រទេសសេណេហ្កាល់។
សូមរំលឹកថា លោក Barrow និយាយថា លោកចង់បង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីស៊ើបអង្កេតអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងអំឡុងពេលកាន់អំណាចរបស់អតីតប្រធានាធិបតីលោក Yahya Jammeh។ នេះប្រហែលជាហេតុផលចម្បងមួយ ដែលធ្វើលោក Yahya Jammeh ចាកចេញពីប្រទេស៕


មតិយោបល់