ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ជ្រើសតាំងលោក Neil Gorsuch សម្រាប់តំណែង​ចៅក្រម​តុលាការ​កំពូល

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោក Neil Gorsuch ទៅជាចៅក្រមតុលាការកំពូល កាលពីយប់ថ្ងៃអង្គារនៅឯសេតវិមាន ដើម្បីបំពេញកៅអីទំនេរ ចាប់​តាំង​ពី​លោក​ចៅ​ក្រម Antonin Scalia​ បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​មុន ដែល​លោក​ជា​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​និយម​អស់​រយៈ​ពេល​៣០​ឆ្នាំ ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៧។។

លោក Gorsuch អាយុ ៤៩ ឆ្នាំ ជាចៅក្រមបណ្ដឹងឧទ្ធរណ៍សហព័ន្ធម្នាក់ មកពីរដ្ឋ Colorado ត្រូវបានលោក ត្រាំ និងគណបក្សសាធារណរដ្ឋ ផ្តល់ឱកាសឲ្យក្លាយជា​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​និយម សម្រាប់ទសវត្សនេះ។

ការជ្រើសរើសតាំងនេះផងដែរ គឺដើម្បីឆ្លើយតបទៅការប្រឆាំងជំទាស់ របស់ព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ ដែលមានការខឹងសម្បារទៅលើការសម្រេចចិត្តរបស់គណបក្សសាធារណរដ្ឋ ពាក់ព័ន្ធនឹងការបដិសេធលើ លោក​ Merrick Garland ​សម្រាប់​តំណែង​នេះ ដែលត្រូវបានអតីត​ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា​ តែងតាំងកាលពីឆ្នាំមុន៕

មតិយោបល់