ឥណ្ឌូនេស៊ី: បើតាមអាជ្ញាធរក្នុងប្រទេស បានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិ Adisutjipto ក្នុងទីក្រុង Yogyakarta នៅតែបន្តបិទទ្វាររហូលដល់រសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយន្តហោះក្រុមហ៊ុន Garuda ដឹកមនុស្ស ១៣០ នាក់ នៅលើវា បានរអិលធ្លាក់ចេញពីផ្លូវ ខណៈពេលដែលចុះចត កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda បាននិយាយថា យន្តហោះ Boeing 737-800NG ធ្វើដំណើរពីទីក្រុងហ្សាការតា ដោយបានចុះចតនៅឯផ្លូវព្រលានយន្តហោះ តែជាអកុសលមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យវារអិលធ្លាក់ចេញពីផ្លូវ ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda លោក Benny Butarbutar បាននិយាយថា មិនមាននរណាម្នាក់រងរបួសនោះទេ ដោយអ្នកដំណើរទាំង ១២៣ នាក់ និងសមាជិកនាវិក ៧នាក់ ត្រូវបានគេជម្លៀសចេញទៅទីកន្លែងសុវត្ថិភាព៕
មតិយោបល់