ប៉ៃលិនៈ អ្នកលាងរថយន្តម្នាក់ បើករថយន្តភ្ញៀវដែលយកមកលាង ស្ទើរភ្លើង រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង២០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកន្លែងលាងឡាន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមម្ចាស់ឡាន ដែលសុំមិនបញ្ចេញឈ្មោះ មានតួនាទីជាប៉ូលិសព្រំដែន បានឲ្យដឹងថា មុននឹងទៅធ្វើការ គាត់បានយករថយន្តរបស់គាត់ ម៉ាក Camary ឆ្លាម ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៧ (ស្លាកលេខត្រូវម្ចាស់ដោះទុក) មកលាង នៅកន្លែងលាងរថយន្តមួយកន្លែង ដែលមានម្ចាស់ឈ្មោះ អ៊ិន នូ ត្រង់ចំណុចកើតហេតុខាងលើ ហើយគាត់ក៏បានហុចកូនសោ រថយន្តឲ្យទៅក្មេងជំទង់ម្នាក់ដែលជាកម្មករលាងរថយន្ត បើករថយន្តរបស់គាត់ឡើងលើធ្នើលាង ដែលនៅក្បែរប្រឡាយទឹក ស្រាប់តែឃើញរថយន្តរបស់គាត់ ស្ទុះចុះពីលើធ្នើ ដាំក្បាលចុះទៅក្នុងប្រឡាយទឹកទៅវិញ។
បើតាមការបញ្ជាក់របស់យុវជនឈ្មោះ ហ៊ីម វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ បានឲ្យដឹងថា ពេលភ្ញៀវគាត់យករថយន្តមកលាង គាត់បានយកសោពីម្ចាស់រថយន្ត ដើម្បីបើកឡើងទៅលើធ្នើសម្រាប់លាង ស្រាប់តែច្រឡំជាន់ហ្គែ ស្មានតែហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខធ្លាក់ដាំក្បាលចូលក្នុងប្រឡាយទឹកតែម្តង។
ក្រោយពេលកើតហេតុ ភាគីទាំងពីរក៏បានធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តមានការអធ្យាស្រ័យ ព្រមទាំងមានចិត្តសប្បុរសអាណិតក្មេង ភាគីម្ចាស់រថយន្ត និងភាគីកន្លែងលាងរថយន្ត បានឯកភាពគ្នា គ្រាន់តែយករថយន្តស្ទូចមក ស្ទូចរថយន្ត យកទៅជួសជុលឲ្យគាត់ដូចដើមវិញទៅបានហើយ ដោយគ្មានទាមទារសំណង និងប្តឹងផ្តល់អ្វីឡើយ៕
មតិយោបល់