អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អាមេរិក នឹងធ្វើការជាមួយអ៊ុយក្រែន រុស្ស៊ី និងភាគីដទៃទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងការជួយស្តារសន្តិភាព
នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកត្រាំ បានថ្លែងការណ៍នៅឯសេតវិមានថា លោកបានសន្ទនាតាមទូរស័ព្ទមួយ ជាមួយលោកប្រធានាធិបតី
អ៊ុយក្រែន Petro Poroshenko ក្នុងការពិភាក្សាអំពី ស្ថានភាពតានតឹងនៅភាគខាងកើតអ៊ុយក្រែន ដែលកាន់តែអាក្រក់
ឡើងៗ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមានការរំលោភបទឈប់បាញ់ និងការរីករាលដាលបាញ់គ្រាប់រ៉ុក្កែតជាច្រើន។
ដោយឡែក លោកត្រាំ ក៏បាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Paolo Gentiloni តាមទូរស័ព្ទផងដែរ
កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាសន្តិសុខ និងប្រឆាំងភេរវកម្ម
ដើម្បីលុបបំបាត់ក្រុមរដ្ឋអ៊ិស្លាម (IS) និងអង្គការភេរវកម្មផ្សេងទៀត។
សូមជំរាបថា លោកត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូល G៧ ក្នុងទីក្រុង Taormina ប្រទេសអ៊ីតាលី នៅខែឧសភាខាងមុខ៕
មតិយោបល់