ព័ត៌មានអន្តរជាតិ

ទីបំផុតកូរ៉េខាងជើង និងកូរ៉េខាងត្បូង យល់ព្រមបើកកិច្ចចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ នៅថ្ងៃសុក្រនេះ អំពីការព្រមព្រៀងគ្នាធ្វើកិច្ចចរចា ដើម្បី លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ»។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង សម្រាប់ប្រទេសទាំងពីរ ដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក បានប្រកាសថា ពួកគេនឹងស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតសន្តិភាពជាអចិន្ត្រៃយ៍ដ៏រឹងមាំនៅលើឧបទ្វីបកូរ៉េ។

ការប្រកាសនេះ ក៏រួមបញ្ចូលទាំងការសន្យា ក្នុងការកាត់បន្ថយអាវុធយោធា ដើម្បីបញ្ឈប់ការធ្វើសកម្មភាពហិង្សា ក្នុងគោលបំណងធ្វើឲ្យព្រំដែនប្រទេសពួកគេ ក្លាយជាតំបន់សន្តិភាព មុននឹងបន្តកិច្ចចរចា ជាមួយបណ្ដាប្រទេសដទៃទៀតដូចជា អាមេរិកជាដើម។

សូមជំរាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងវិញ នៅចុងឆ្នាំនេះផងដែរ៕

មតិយោបល់