លីប៊ីៈ តាមកាកបាទក្រហមលីប៊ី បាននិយាយជាផ្លូវការថា សាកសពមនុស្សជាង ៧០ នាក់ ត្រូវបានយកចេញពីក្រុង Sirte ប្រទេសលីប៊ី ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Saleh Bozreba ប្រធានគណៈកម្មាធិការអឌ្ឍចន្ទក្រហមគ្រប់គ្រងវិបត្តិ ក្នុងទីក្រុង Misrata បានឲ្យដឹងថា សាកសពពួកសកម្មប្រយុទ្ធចំនួន ៦៥ នាក់ ដែលត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់អាមេរិក កាលពីខែមករា និង១៩ នាក់ផ្សេងទៀត ត្រូវបានយកចេញពីភាគខាងត្បូងទីក្រុង Sirte ។
លោក Bozreba បាននិយាយបន្ថែមថា ក្រុមអ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហម កំពុងតែធ្វើការយកសាកសព នៅសល់ក្នុងទីក្រុង Sirte និងបានអំពាវនាវឲ្យអង្គការជាតិ ព្រមទាំងអន្តរជាតិ ជួយដល់ក្រុមខ្លួន សម្រាប់ការងារនេះ។
សូមជំរាបថា ទីក្រុង Sirte ស្ថិតនៅចម្ងាយ ៤៥០ គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីទ្រីប៉ូលី ដែលវាធ្លាប់ជាទីតាំងរបស់ពួក IS រយៈពេលជាងមួយឆ្នាំ មុននឹងកងកម្លាំងស្មោះត្រង់រដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានធ្វើសង្គ្រាមរយៈពេល ០៧ខែ និងយកបានទីក្រុងនេះមកគ្រប់គ្រងវិញ ខណៈដែលការប្រយុទ្ធគ្នានេះ បានសម្លាប់ និងរបួសពួកយុទ្ធជនរបស់រដ្ឋាភិបាលរាប់រយនាក់៕
មតិយោបល់