ប្រេស៊ីលៈ ក្រសួងសុខាភិបាលនៃប្រទេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ១.៧៧៥នាក់ បានស្លាប់ដោយសារមេរោគ H1N1 ដែលគេស្គាល់ថា ជាជំងឺផ្តាសាយជ្រូក នៅប្រេស៊ីល ចាប់តាំងពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែសីហានេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
បើតាមទិន្នន័យនេះ ត្រូវបានមើលឃើញថា ប្រេស៊ីលមានកម្រិតខ្ពស់បំផុតនៃការស្លាប់ ដោយសារមេរោគ H1N1 ចាប់តាំងពីឆ្នាំ ២០០៩ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសថា ការរាតត្បាតនៃជំងឺ ផ្តាសាយជ្រូកនេះ បានសម្លាប់ជីវិតមនុស្ស ២.០៦០ នាក់ នៅក្នុងប្រទេសសម្រាប់ឆ្នាំនេះ។
ក្នុងនោះរដ្ឋសៅប៉ូឡូ មានប្រជាជនស្លាប់ចំនួន ៧៣៧ នាក់ ហើយបន្ទាប់មកទៀត ភាគខាងត្បូងរដ្ឋ Parana ២០៦ នាក់ និងរដ្ឋ Rio Grande do Sul ១៨២ នាក់។
រោគសញ្ញានៃជំងឺផ្តាសាយជ្រូកមានដូចជា គ្រុនក្ដៅរហូតដល់ ៣៩ អង្សាសេ ក្អក ឈឺក្បាល សាច់ដុំ សន្លាក់ និងរលាកភ្នែក។
គួរបញ្ជាក់ដែរថា ក្នុងគោលបំណងដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ រដ្ឋាភិបាលប្រេស៊ីល បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការ ដោយផ្តោតជាពិសេសលើជនដែលងាយរងគ្រោះដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជាដើម៕
មតិយោបល់