អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិលោក Jim Mattis បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារណាមួយ ពីសំណាក់កូរ៉េខាងជើងប្រឆាំងជាមួយអាមេរិក អាចនឹងធ្វើឲ្យមានសង្គ្រាមយ៉ាងឆាប់រហ័ស ខណៈដែលលោក និងរដ្ឋលេខាធិការលោក Rex Tillerson កំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនកំពុងរៀបចំគម្រោងវាយប្រហារមីស៊ីលចំនួន ០៤ គ្រាប់ ទៅកាន់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើទ្បើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្ដេជ្ញាថា «រាល់ការប៉ុនប៉ងវាយប្រហារណាមួយ ដោយក្រុងព្យុងយ៉ាង នឹងត្រូវប្រឈមជាមួយវិធានការក្ដៅៗ របស់អាមេរិក ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក»។
លោក Mattis បានប្រាប់អ្នកសារព័ត៌មាននៅមន្ទីរប៉ង់តាហ្គោនថា «ប្រសិនបើពួកគេ (កូរ៉េខាងជើង) ហ៊ានវាយប្រហារអាមេរិកមែននោះ អាចនឹងធ្វើឲ្យមានសង្គ្រាមយ៉ាងឆាប់រហ័ស»។
ការថ្លែងរបស់លោក Mattis បានកើតឡើងបន្ទាប់ពីលោក និងរដ្ឋលេខាធិការលោក Rex Tillerson បាននិយាយថា «សហរដ្ឋអាមេរិកមិនមានបំណង ចង់ផ្លាស់ប្ដូររបបនៅក្នុងទីក្រុងព្យុងយ៉ាង ឬក៏បង្រួបបង្រួមកូរ៉េទាំងពីរនោះទេ ហើយក៏បានសង្កត់ធ្ងន់ផងដែរ លើសារៈសំខាន់នៃដំណោះស្រាយការទូត ចំពោះវិបត្តិនៅពេលនេះ៕
មតិយោបល់