វៀតណាមៈ តាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីពីរ បានវាយប្រហារ នៅជិតរោងចក្រវារីអគ្គិសនីមួយកន្លែង ភាគកណ្តាលវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មាន vnexpress ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
វិទ្យាស្ថានផែនដីវិទ្យារបស់វៀតណាម បាននិយាយថា គ្រោះរញ្ជួយដីទាំងពីរនេះ មានអនុភាពវាយប្រហារ ក្នុងជម្រៅ ១០ គីទ្បូម៉ែត្រ ដោយលើកទីមួយ មានរង្វាស់ ៣,៩ និងលើកទីពីរ ៣, ២ រ៉ិចទ័រ បានកើតទ្បើងនៅស្រុក Nam Tra My ក្នុងខេត្ត Quang Nam កាលពីថ្ងៃអាទិត្យ។
ហេតុការណ៍នេះ បានធ្វើឲ្យផ្ទះពលរដ្ឋនៅតំបន់នោះជាច្រើនខ្នងកក្រើក ដែលបណ្ដាលឲ្យពលរដ្ឋ មានការភ័យស្លន់ស្លោ នាំគ្នាប្រញាប់ប្រញាល់រត់ចេញពីផ្ទះរបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មិនមានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ៕
មតិយោបល់