ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ព្រួយបារម្ភចំពោះអតីតមូលដ្ឋានកងទ័ពជើងទឹកអាមេរិក ធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិន

ហ្វីលីពីនៈ បន្ទាប់ពីការក្ស័យធនសាជីវកម្មដ៏ធំមួយរបស់រោងចក្រផលិតនាវា ដែលមានទីតាំងនៅអតីតមូលដ្ឋាន កងទ័ពជើងទឹកអាមេរិក ដែលត្រូវបានគេស្គាល់ថា Subic Bay មន្ត្រីហ្វីលីពីន និងអាមេរិក មានការព្រួយបារម្ភថា កំពង់ផែនៅជិតសមុទ្រចិនខាងត្បូង ដែលមានជម្លោះ អាចធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ភ្នាក់ងារ CNBC បានរាយការណ៍ថា ក្រុមមន្រ្តី ក្នុងនោះរួមមានទាំងលេខាធិការការពារជាតិហ្វីលីពីន បានសម្តែងកង្វល់ ទាក់ទងនឹងវត្តមានរបស់ចិន នៅក្នុងតំបន់នោះ ព្រមទាំងអំពីសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដោយភ័យខ្លាចអាចនឹងមានការទិញផែសមុទ្រ ដែលជាអតីតមូលដ្ឋានកងទ័ពជើងទឹកអាមេរិក នៅ Subic Bay។

កំពង់ផែនេះ ត្រូវបានដំណើរការដោយក្រុមហ៊ុន Hanjin Heavy Industries និងក្រុមហ៊ុនសំណង់ហ្វីលីពីន។ ក្រុមហ៊ុននេះ បានប្រកាសពីការក្ស័យធន កាលពីខែមករា បន្ទាប់ពីការខកខានមិនបានបង់ប្រាក់កម្ចីជាង ៤០០ លានដុល្លារពីធនាគារហ្វីលីពីន ដែលក្លាយជាការខាតបង់ដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រហ្វីលីពីន។ ក្រុមហ៊ុននេះ ក៏មានជាប់ប្រាក់កម្ចី ៩០០ លានដុល្លារពីធនាគារកូរ៉េខាងត្បូង ដែលមិនទាន់បានបង់នៅឡើយទេ។

បច្ចុប្បន្នមានក្រុមហ៊ុនចិនពីរ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការកាន់កាប់កន្លែងផលិតនាវា ប៉ុន្តែមន្ត្រីហ្វីលីពីន បាននិយាយប្រឆាំងនឹងសកម្មភាពនេះ។ ដោយសមាជិកព្រឹទ្ធសភាលោក Grace Poe បានអំពាវនាវឱ្យមានការស៊ើបអង្កេត ដើម្បីកំណត់នូវតម្រូវការក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិជាយុទ្ធសាស្ត្ររបស់ជាតិ សម្រាប់ការកាន់កាប់ ក្នុងភាពជាម្ចាស់របស់បរទេសនៅ Subic Bay៕

មតិយោបល់