ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ឃុំខ្លួនបុរស ១៤១ នាក់ ក្នុងនោះរួមមានទាំងជនបរទេសជាច្រើន នៅក្នុងប្រតិបត្តិការវាយឆ្មក់ កាលពីចុងសប្តាហ៍ ពាក់ព័ន្ធនឹងការធ្វើពិធីជប់លៀងប្រុសស្រទ្បាញ់ប្រុស ដោយមិនមានការជូនដំណឹងទៅកាន់អាជ្ញាធរ នៅកន្លែងសូណាមួយ ភាគខាងជើងទីក្រុងចាកាតា។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យប៉ូលិសលោក Argo Yuwono បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដែលត្រូវបានឃុំខ្លួនទាំងនោះ គឺត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ប្រឆាំងនឹងរូបអាសអាភាស ដោយសកម្មភាពរបស់ពួកគេនេះ កំពុងលើកតម្កើនឲ្យទីតាំងសូណា ក្លាយជាកន្លែងនៃកម្មវិធីជួបជុំគ្នា ដើម្បីរួមភេទ។
ប្រធានប៉ូលិសទីក្រុង North Jakarta លោក Detective Nasriadi បានប្រាប់ភ្នាក់ងារ AFP ថា មនុស្ស ១០ នាក់ រួមមានទាំងម្ចាស់ទីតាំងសូណា, សមាជិកបុគ្គលិកជាច្រើន, គ្រូបណ្តុះបណ្តាលកន្លែងហាត់ប្រាណម្នាក់, អ្នកទទួលភ្ញៀវ និងសន្តិសុខម្នាក់ ត្រូវបានរងការចោទប្រកាន់ផងដែរ ខណៈដែលពួកគេ កំពុងត្រូវបានសាកសួរ ពីមន្ត្រីប៉ូលិស។
គួរបញ្ជាក់ដែរថា ប្រសិនបើរកឃើញថា ពួកគេពិតជាមានកំហុសនោះ នឹងត្រូវប្រឈមមុខការផាកពិន័យ ព្រមទាំងកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំឯណោះ៕

មតិយោបល់