ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន១៧កញ្ចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ៨២០ ផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការបង្ក្រាបនេះ មានការដឹកនាំកម្លាំងដោយ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យទី១ឈ្មោះ នាង ឆូយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួលលេខ៨២០ ផ្លូវលំ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងជនសង្ស័យទី២ឈ្មោះ ណូក រ៉ាន់ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១៧កញ្ចប់ថង់តូច , សំបកថង់ប្លាស្ទិចមួយចំនួន ,ឧបករណ៍សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងទូរសព្ទដៃចាស់ចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់