ភ្នំពេញៈ ជនដៃដល់ម្នាក់ បានធ្វើសកម្មភាពដេញកាប់ ទៅលើបុរសម្នាក់ជាច្រើនដាវ បណ្តាលឲ្យរបួសធ្ងន់ដាច់កជើងម្ខាង ដេកលើថ្លុកឈាម សង្ស័យជារឿងគំនុំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ ថោង ប៊ុនហៀង អាយុ៥០ មុខរបរជាដឺបេ ដោយមានប្រពន្ធមានឈ្មោះ សៀង ស្រីមុំ អាយុ៣០ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះសំណាក់ ខេមរ៉ា សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ បានឈរនៅលើចិញ្ចើមផ្លូវលេខ៥១ នៅចំណុចមុខផ្សារសូរិយាម៉ល ខណៈនោះ ក៏មានជនដៃឆាវម្នាក់ បានកាន់ដាវ១ដើម ធ្វើសកម្មភាពកាប់ប្រហារទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិត ហើយចុងក្រោយក៏កាប់ចំ.កជើង បណ្ដាលឲ្យជិតដាច់ជើងខាងស្ដាំទៅហើយ រងរបួសធ្ងន់ដេកលើថ្លុកឈាម រួចជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោល។
យោងទៅតាមសម្តីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា សង្ស័យជារឿងគំនុំ។ ក្រោយកើតហេតុបុរសរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកយកទៅមន្ទីរពេទ្យ ដោយមានសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរកជនដៃដល់ខាងលើ ដើម្បីឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕
មតិយោបល់