ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃ ឆាប់ៗខាងមុខនេះ

ហ្វីលីពីនៈ មន្ត្រីរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រធានាធិបតី លោក Rodrigo Duterte នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែមីនាខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

ប្រភពពីក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ លោក Duterte គ្រោងនឹងពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា អំពីបញ្ហានៃការព្រួយបារម្ភ ដែលរួមបញ្ចូលទាំងនយោបាយ, សេដ្ឋកិច្ច, វិស័យកសិកម្ម, ថាមពល, ការអប់រំ និងកិច្ចសហប្រតិបត្តិការការពារជាតិ។

លោក Duterte ត្រូវបានគេរំពឹងថា នឹងចូលរួមចែករំលែកបទពិសោធន៍ ទៅកាន់មន្រ្តីថៃលើការអភិវឌ្ឍនានា ដែលជាអាទិភាព និងកម្មវិធីនៅក្នុងប្រទេសហ្វីលីពីន សម្រាប់តំណែងប្រធានអាស៊ានក្នុងឆ្នាំ ២០១៧នេះ។

ក្នុងនោះលោក Duterte ក៏រំពឹងទុកផងដែរថា នឹងជួបជាមួយប្រជាជនហ្វីលីពីនចំនួន ១៦.០០០ នាក់ ដែលបច្ចុប្បកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ៕

មតិយោបល់