ស៊ីរីៈ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានធ្វើកិច្ចចរចាបន្ទាន់មួយ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសមួយ កាលពីថ្ងៃអង្គារ ក្នុងប្រទេសស៊ីរី ដោយគេសង្ស័យថា មានប្រើប្រាស់អាវុធគីមីពុល ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់រយនាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។
ការវាយប្រហារលើក្រុមឧទ្ទាម នៅក្នុងប្រទេសនេះ បាននាំឲ្យមានប្រតិកម្មពីអន្តរជាតិយ៉ាងខ្លាំង ដោយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចដទៃទៀត បានស្តីបន្ទោសលើរដ្ឋាភិបាលស៊ីរី ចំពោះការស្លាប់របស់ជនស៊ីវិលស្លូតត្រង់។
ពាក់ព័ន្ធនឹងការចោទខាងលើនេះ ក្រុមមន្រ្តីទីក្រុងដាម៉ាស បានធ្វើការច្រានចោលរឿងប្រើអាវុធគីមីពុល នៅក្នុងការវាយប្រហារផងដែរ។
អង្គការឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេស បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស ដោយបញ្ចេញនូវឧស្ម័នគីមីពុល បានសម្លាប់ប្រជាជនស៊ីវិលស្លូតត្រង់កើនដល់៥៨នាក់ហើយ ក្នុងនោះក៏មានកុមារ ០៩នាក់ទៀតផង។
សម្រាប់កិច្ចប្រជុំជាបន្ទាន់ នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះហៅប្រទេសបារាំង និងអង់គ្លេស បន្ទាប់ពីអន្តរជាតិផ្ទុះកំហឹងយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការវាយប្រហារ ដែលគេសង្ស័យថា បានប្រើប្រាស់ឧស្ម័នគីមីពុល ដោយយន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ីទៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib ៕

មតិយោបល់