ព័ត៌មានអន្តរជាតិ

UN ព្រួយបារម្ភអំពីអ្នកស្លាប់ ២០០ នាក់ នៅក្នុងការវាយប្រហារតាមអាកាសនៃក្រុមចម្រុះ លើទីក្រុង Mosul

អ៊ីរ៉ាក់ៈ អង្គការសហប្រជាជាតិ (UN) បានលើកឡើងពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង អំពីរបាយការណ៍នៃការស្លាប់ និងរបួសជនស៊ីវិលដ៏ច្រើន នៅក្នុងទីក្រុង Mosul ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧។

មន្ត្រីជាន់ខ្ពស់របស់ UN នៅប្រទេសអ៊ីរ៉ាក់ បាននិយាយថា លោកស្រី បានភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង នៅពេលឃើញរបាយការណ៍ អះអាងថា យ៉ាងហោចណាស់មនុស្ស ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

យន្តហោះចម្បាំងអាមេរិក គឺបានគាំទ្រដល់បេសកកម្មកងទ័ពអ៊ីរ៉ាក់ ដើម្បីវាយប្រហារដណ្ដើមយក តំបន់កាន់កាប់ពីរដ្ឋអ៊ីស្លាម (IS) នៅទីក្រុង Mosul មកគ្រប់គ្រងវិញ។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាននិយាយថា ការស៊ើបអង្កេតកំពុងធ្វើទ្បើង ហេតុដូចនេះ វានៅមិនទាន់អាចបញ្ជាក់បានទេថា ចំនួនអ្នកស្លាប់ គឺពិតដូចអ្វីដែលគេចោទប្រកាន់នោះ។

ទោះយ៉ាងណាក្រុមអ្នកកាសែត នៅសង្កាត់ Jadideh ភាគខាងលិចទីក្រុង Mosul បាននិយាយថា ពួកគេបានប្រទះឃើញសាកសព ៥០នាក់ ត្រូវបានទាញចេញពីអគារ កាលពីថ្ងៃសុក្រ បន្ទាប់ពីរងការវាយផ្លូវអាកាស កាលពីដើមខែមីនា៕

មតិយោបល់