ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ធ្វើដំណើរទស្សនកិច្ចនៅចិន

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង (KCNA) នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរទស្សនកិច្ច រយៈពេលបួនថ្ងៃទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន តាមរយៈរថភ្លើងពិសេសមួយ ត្រូវបានគេរាយការណ៍ថា បានឃើញឆ្លងកាត់ព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង ដែលអមដំណើរដោយភរិយារបស់លោក គឺលោកស្រី រី សូលជូ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានចាកចេញពីស្ថានីយ៍ក្រុងព្យុងយ៉ាង តាមរយៈរថភ្លើងឯកជនរបស់លោក កាលពីថ្ងៃច័ន្ទ។

ប្រភពព័ត៌មានស៊ីនហួផ្លូវការរបស់ចិន ក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះផងដែរ។

KCNA បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក ស៊ី ដែលគ្រោងនឹងមានដំណើរការរយៈពេល ៤ ថ្ងៃ ហើយលោក គីម គ្រោងនឹងត្រឡប់មកវិញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

សូមជំរាបថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តផ្នែកការទូតដ៏សំខាន់របស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងជាប្រភពសំខាន់នៃពាណិជ្ជកម្ម ក៏ដូចជាជំនួយផងដែរ ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ ទំនងជាបង្កើនការរំពឹងទុក អំពីជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខាងមុខផងដែរ៕

មតិយោបល់