រុស្ស៊ីៈ ភ្នំភ្លើងពីរឈ្មោះ Kambalny និង Kluchevskoy បានអង្រួនផ្ទុះ ព្រួសចេញកម្អែលផេះរាប់ពាន់ម៉ែត្រ ចូលទៅក្នុងខ្យល់ ដោយសារការរញ្ជួយដី នៅតំបន់ភាគខាងកើតនៃប្រទេស កាលពីសប្តាហ៍មុន ខណៈដែលកម្អែលផេះនេះ បានរីករាលដាលដល់ចម្ងាយ ១០០ គីទ្បូវម៉ែត្រ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមទិន្នន័យផ្កាយរណប របស់ក្រុមឃ្លាំមើល និងជួយសង្គ្រោះគ្រោះបន្ទុះភ្នំភ្លើង (KVERT) បានបញ្ជាក់អំពីកម្អែលផេះ នៅលើភ្នំភ្លើង Kambalny ថា មានកម្ពស់ទ្បើងរហូតដល់ទៅ ៧ ពាន់ម៉ែត្រ លើកម្រិតទឹកសមុទ្រ ហើយបើតាមក្រសួងសង្គ្រោះបន្ទាន់ក្នុងតំបន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានហានិភ័យដល់ជនស៊ីវិលនោះទេ។
ដោយក្រសួង បានអះអាងថា ផ្លូវដែលត្រូវភ្នំភ្លើង ព្រួសកម្អែលផេះនោះ ទំនងជាមិនបង្កផលប៉ះពាល់ដល់ចរាចរណ៍ ផ្លូវអាកាស នៅក្នុងតំបន់នោះទេ តែទោះយ៉ាងនេះក្ដី ខាងអាជ្ញាធរបានចេញសញ្ញាព្រមានពណ៌ទឹកក្រូច ជាការជូនដំណឹងដល់អាកាសចរណ៍ផងដែរ។
គួរបញ្ជាក់ដែរថា ឧបទ្វីប Kamchatka របស់រុស្ស៊ី ត្រូវបានរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កាលពីសប្តាហ៍៕
មតិយោបល់