ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតជប៉ុន នឹងត្រូវត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញ ក្រោយការតវ៉ា​ជំទាស់​ ទៅនឹ​ការតម្លើងរូបសំណាកស្ត្រីទាសករផ្លូវភេទ

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បាននិយាយថា នឹងបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួន ត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ក្រោយជប៉ុនបានសម្រេចធ្វើមាតុភូមិនិវត្តន៍ជាបណ្ដោះអាសន្ន អគ្គរាជទូតប្រចាំទីក្រុង​សេអ៊ូល លោក Yasumasa Nagamine អស់រយៈពេលជិត ៣ខែ ក្នុងគោលបំណង​តវ៉ា​ជំទាស់​ទៅនឹង​ការតម្លើង​រូបសំណាក​ស្ត្រីតំណាង​ឲ្យអតីតទាសករផ្លូវភេទ នៅខាងមុខស្ថាន​កុងស៊ុល​ជប៉ុន ប្រចាំ​ទីក្រុងប៊ូសាន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

ប្រទេសទាំងពីរ កាលពីឆ្នាំ ២០១៥ បានព្រមព្រៀងគ្នាលើរឿងស្ត្រីលួងលោមកូរ៉េខាងត្បូង ដែលត្រូវបានកងទ័ពជប៉ុន បង្ខំឲ្យធ្វើទាសករ​ផ្លូវភេទ ​កាលពី​អំឡុងសម័យ​សង្រ្គាមលោក លើកទី២ ថានឹងបញ្ចប់ ព្រមទាំងអាចដោះស្រាយទៅបានរហូតនោះ ប្រសិនបើលក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច ដោយរួមបញ្ចូលទាំងការសុំទោសពីជប៉ុន និងការផ្ដល់មូលនិធិមួយ ដើម្បីជួយជនរងគ្រោះទាំងនោះ។

ប្រទេសជប៉ុន បាននិយាយថា ការតម្លើងរូបសំណាកក្មេងស្រីម្នាក់ អង្គុយដោយជើងទទេរ នៅលើកៅអីមួយ ខាងមុខស្ថានកុងស៊ុល​ជប៉ុន ប្រចាំ​ទីក្រុងប៊ូសាន ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីចុងឆ្នាំមុន គឺបានបង្ហាញពីការរំលោភលើកិច្ចព្រមព្រៀងនោះ។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Fumio Kishida បានប្រាប់អ្នកកាសែតថា ឯកអគ្គរដ្ឋទូតលោក Yasumasa Nagamine នឹងវិលទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានហៅឲ្យត្រទ្បប់ទៅវិញនៅដើមខែមករា៕

មតិយោបល់