ក្រចេះ: លោកអធិការស្រុកចិត្របុរី បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊ាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរបែកចាន តាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រ ៣៤០-៣៤១ ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះ ទី១ឈ្មោះ ជា ទ្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ(ស្លាប់) បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតធ្ងន់។ ទី២ឈ្មោះ មុយ នី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ជាអ្នករួមដំណើរ (រងរបួសធ្ងន់) និងទី៣ឈ្មោះ ឃីម វី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាជាអ្នករួមដំណើររង់របួសធ្ងន់។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី។ រីឯអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់