ជប៉ុនៈ អ្នកនាំពាក្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធនេះ បានឲ្យដឹងថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់លាស់ពីសកម្មភាពគឃ្លើនលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាទង្វើដែលរដ្ឋាភិបាលក្រុងតូក្យូជំទាស់យ៉ាងដាច់អហង្ការ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅទី ០៥ ខែមេសា ឆ្នាំ២០១៧។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសជប៉ុន។
មីស៊ីលនេះ ត្រូវបានបើកដំណើរការបាញ់នៅវេលាម៉ោង ០៦ និង៤២ នាទីព្រឹក (ត្រូវនឹងម៉ោង ៥ និង ៤២ នាទីព្រឹកនៅសិង្ហបុរី) ដោយបានបាញ់វាចេញពីតំបន់ Sinpo ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ចូលទៅក្នុងសមុទ្រជប៉ុន ខណៈមីស៊ីលនេះ បានផ្លោងហោះចេញរយៈចម្ងាយ ៦០ គីឡូម៉ែត្រ ។
លោក Yoshihide Suga បានបន្ថែមថា យន្តហោះ និងនាវានៅតំបន់នោះ មិនទាន់មានរបាយការណ៍អំពីកាតខូចខាត ដោយសារការធ្លាក់មីស៊ីលនេះ ចូលទៅក្នុងដែនសមុទ្រនោះនៅទ្បើយទេ។
សូមជំរាបថា ក្រុងព្យុងយ៉ាង កំពុងស្វែងរកការអភិវឌ្ឍមីស៊ីលរយ:ចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរមួយ ស្របពេលដែលប្រទេសនេះ បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺមានចំនួនប្រាំដងរួចមកហើយ៕
គួរបញ្ជាក់ដែរថា យោធាកូរ៉េខាងត្បូង ត្រូវបានគេធ្វើការផ្លាស់ប្តូរយ៉ាងកៀកបំផុត ទៅកាន់តំបន់បង្កហេតុរបស់កូរ៉េខាងជើង ដើម្បីរក្សាបាននូវជំហរការពារជាតិខ្ពស់៕
មតិយោបល់