ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមស៊ីរី ស្វាគមន៍ចំពោះគ្រាប់មីស៊ីលអាមេរិក វាយប្រហារនៅលើមូលដ្ឋានអាកាសរបស់លោក អាសាដ

ស៊ីរីៈ ក្រុមឧទ្ទាមក្នុងប្រទេស នៅថ្ងៃសុក្រ បានឲ្យដឹងថា ពួកគេបានស្វាគមន៍ ចំពោះការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់របស់អាមេរិក លើទីតាំងមូលដ្ឋានអាកាសមួយកន្លែង នៅភាគកណ្ដាលខេត្តនៃទីក្រុង Homs ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។

មេបញ្ជាការឧទ្ទាមម្នាក់ នៅទីក្រុង Homs ដែលគេស្គាល់ឈ្មោះថា Taha Atiyeh បានលើកឡើងថា ការវាយប្រហារអាកាស ដោយមីស៊ីលជាច្រើនគ្រាប់របស់អាមេរិក គឺទទួលបានផលវិជ្ជមាន សម្រាប់ក្រុមឧទ្ទាម នៅក្នុងខេត្តនេះ។

លោក Taha Atiyeh បានបន្ថែមថា «ពួកឧទ្ទាម នឹងគាំទ្រការវាយប្រហារតាមអាកាស និងអ្វីគ្រប់យ៉ាង ដែលអាចកាត់បន្ថយអំណាចនៃកម្លាំងអាកាសរបស់ស៊ីរី»។

ក្រុមឧទ្ទាម Jaish al-Tawhid ដែលមានទីតាំងនៅទីជនបទ ភាគខាងជើងនៃទីក្រុង Homs បានសាទរចំពោះ ការវាយប្រហារនេះ ដោយនិយាយថា «វាជាជំហានដំបូងសម្រាប់សហគមន៍អន្តរជាតិ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន»។

ក្រុមឧទ្ទាមមួយផ្សេងទៀត Failaq al-Sham បាននិយាយថា «ការវាយប្រហារដោយមីស៊ីលរបស់អាមេរិក អាចជាចំណុចមួយ ដើម្បីការលុបបំបាត់និទណ្ឌភាព និងការដាក់សម្ពាធយោធាប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលស៊ីរី របស់លោក អាសាដ ក្នុងការបញ្ចប់ការរំលោភបំពានក្នុងប្រទេស។

គួរបញ្ជាក់ដែរថា កាលព្រឹកថ្ងៃសុក្រ អាមេរិកបានបាញ់មីស៊ីល Tomahawk ជិត ៦០ គ្រាប់ ដែលកំណត់គោលដៅលើមូលដ្ឋានអាកាសមួយកន្លែង ក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ទាហានស៊ីរីចំនួន០៦ នាក់ រួមទាំងជនស៊ីវិល ០៩នាក់ ក្នុងនោះមានកុមារ ០៤ នាក់ និងបំផ្លាញយន្តហោះចម្បាំងស៊ីរី ០៩ គ្រឿង៕

មតិយោបល់