ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ជម្លៀសប្រជាជនជាង ៥០.០០០ នាក់ចេញពីទីក្រុង ខណៈប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះ សម័យសង្គ្រាមលោកលើកទី២

អាល្លឺម៉ង់ៈ អាជ្ញាធរក្នុងប្រទេស បានជម្លៀសប្រជាពលរដ្ឋជាង ៥០.០០០ នាក់ ចេញពីភាគខាងជើងទីក្រុង Hanover កាលពីថ្ងៃអាទិត្យ ក្រោយប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះ ដែលបានទម្លាក់នៅសម័យសង្រ្គាមលោកលើកទី២។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។

អ្នកស្រុកដែលរស់នៅតំបន់ប្រជុំជននៃទីក្រុង ត្រូវបានអាជ្ញាធរបញ្ជាឲ្យចាកចេញពីផ្ទះរបស់ពួកគេ សម្រាប់ការប្រតិបត្តិការ ដែលបានគ្រោងទុកតាំងពីពាក់កណ្តាលខែមេសាមកម្ល៉េះ ដើម្បីដោះយកគ្រាប់បែកមិនទាន់ផ្ទុះ ដែលប្រទះឃើញជាច្រើននៅទីនោះ។

សម្រាប់ប្រតិបត្តិការនេះដែរ អាជ្ញាធរបានរំពឹងទុកថា អាចមានគ្រាប់បែកមិនទាន់ផ្ទុះយ៉ាងហោចណាស់ចំនួនប្រាំ ដែលនឹងត្រូវយកចេញ ប៉ុន្តែមានតែគ្រាប់បែកចំនួនបីប៉ុណ្ណោះ ត្រូវបានរកឃើញ ខណៈពីរគ្រាប់ បានដោះចេញដោយជោគជ័យ និងគ្រាប់ទីបី តម្រូវការឧបករណ៍ពិសេស ដើម្បីធ្វើឲ្យប្រាកដថាមានសុវត្ថិភាព អំទ្បុងពេលដោះវាចេញ។

គួរបញ្ជាក់ដែរថា ជាង ៧០ ឆ្នាំមកហើយ បន្ទាប់ពីការបញ្ចប់សង្គ្រាម ក្នុងប្រទេសអាល្លឺម៉ង់ មានគ្រាប់បែកមិនទាន់ផ្ទុះជាច្រើន ដែលជាទៀងទាត់ត្រូវបានគេរកឃើញកប់ក្រោមដី ដោយកងកម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់៕

មតិយោបល់