ព័ត៌មានអន្តរជាតិ

ចិន និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាលើគោលដៅរួម ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

កូរ៉េៈ នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យរបស់លោក Moon បាននិយាយថា មេដឹកនាំចិន លោក ស៊ី ជីងពីង និងប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបជាប់ឆ្នោតថ្មីលោក Moon Jae-in បានព្រមព្រៀងគ្នា លើគោលដៅរួម នៃប្រទេសទាំងពីរ ក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។

អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Yoon Young-Chan បានប្រាប់អ្នកកាសែតនៅក្នុងការសន្ទនា តាមទូរស័ព្ទដំបូងរបស់ខ្លួនថា «មេដឹកនាំទាំងពីរ បានយល់ព្រមគ្នាលើគោលដៅរួម ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។

តាមរបាយការណ៍ទូរទស្សន៍ចិន បានឲ្យដឹងថា លោក ស៊ី បានប្រាប់លោក Moon ថា ចិនតែងតែមានជំហរគាំទ្រ ដល់ការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េជានិច្ច ហើយថែមទាំងបានលើកទ្បើងថា បញ្ហានេះ គួរតែត្រូវបានដោះស្រាយតាមរយៈការចរចា ដើម្បីរកដំណោះរួមគ្នា»។

ក្នុងនោះលោកស៊ី ក៏បានបញ្ជាក់ដែលថា ចិនមានឆន្ទៈ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើការជាមួយភាគីទាំងអស់ រួមបញ្ចូលទាំងកូរ៉េខាងត្បូង ក្នុងការរក្សាសន្តិភាព និងភាពរុងរឿងនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់