ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បំណែកថ្មីទាំងបី សង្ស័យថាជាកម្ទេចកម្ទីយន្តហោះ MH370 រកឃើញនៅប្រទេសម៉ូសំប៊ិក

ម៉ូសំប៊ិកៈ អាជ្ញាធរប្រទេសម៉ូសំប៊ិក កាលពីថ្ងៃចន្ទ បានដាក់តាំងបង្ហាញបំណែកថ្មីចំនួនបីនៃយន្តហោះ ដែលបានអណ្ដែតឡើងតាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន ត្រូវបានគេសង្ស័យថា ជាយន្តហោះដែលបាន បាត់ខ្លួន MH370 ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

បំណែកធាតុដែលធំជាងគេ គឺមានរាងត្រីកោណពណ៌ក្រហម និងសស្ថិតនៅលើផ្នែកម្ខាង ព្រមទាំងមាន លោហៈធាតុនៅលើផ្នែគផ្សេងទៀតផងដែរ។

វាត្រូវបានរើសយកមកឡើង កាលពីខែមុននៅឯសណ្ឋាគារ South African នៅភាគខាងត្បូងខេត្តនៃទីក្រុង Inhambane ប្រទេសម៉ូសំប៊ិក។

លោក Joao de Abreu នាយកអាជ្ញាធរអាកាសចរណ៍របស់ប្រទេស បាននិយាយថា វាជាលើកដំបូងហើយ ដែលបំណែកធាតុទាំងនេះ ត្រូវបានគេរកឃើញ។

នៅឯសន្និសីទកាសែតមួយ លោកបាននិយាយថា «បំណែកទាំងនេះ អាចជាបំណែកជាប់នៅស្លាប ឬស្លាបយន្តហោះមួយ។ លោកបានបន្ថែមថា យើងអាចមើលឃើញស្លាកសញ្ញា ដែលនឹងធ្វើឲ្យកាន់ តែងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ របស់យន្តហោះមួយនេះ»។

បំណែកពីរផ្សេងទៀត មានទំហំតូចជាង និងត្រូវបានរើសយកមកឡើង ដោយកូនរបស់អ្នកការទូត សហភាពអឺរ៉ុប នៅជិតរមណីយដ្ឋានភាគខាងត្បូងនៃទីក្រុង Xai Xai ហើយបានប្រគល់ទៅឲ្យអាជ្ញាធរ កាលពីខែមុន។

បំណែកធាតុនេះ នឹងត្រូវបញ្ជូនទៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការវិភាគ។

គួរបញ្ជាក់ដែរថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីខែមីនា ឆ្នាំ ២០១៤ ជាមួយនឹងអ្នកដំណើរ ២៣០ នាក់ ខណៈដែលវាបានហោះពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុង ប៉េកាំង៕

MH370

មតិយោបល់