ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វលីពីន ចង់ទិញអាវុធទំនើបពីរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិភេរវកម្ម

ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានប្រាប់សមភាគីរុស្ស៊ីថា លោកចង់បានសព្វាវុធទំនើប ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកភេរវក ISIS បន្ទាប់ពីការប្រកាសនូវច្បាប់អាជ្ញាសឹក សម្រាប់រយៈពេល ៦០ ថ្ងៃនៅភាគខាងត្បូងប្រទេស អំទ្បុងដំណើរទស្សនកិច្ចដ៏តក់ក្រហល់មួយរបស់លោក ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនោថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងលោក Duterte ត្រូវបានកំណត់ពេលធ្វើទ្បើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ុន្តែត្រូវបានលើកទៅល្ងាចថ្ងៃអង្គារវិញ បន្ទាប់ពីប្រធានាធិបតីហ្វ៊ីលីពីន បានប្រកាសច្បាប់អាជ្ញាសឹក និងត្រូវបង្ខំចិត្តវិលត្រឡប់ទៅប្រទេសខ្លួនវិញភ្លាមៗ។

ការលើកថ្ងៃនៃកិច្ចប្រជុំនេះ បានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារមួយ រវាងកងទ័ពរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS ,ISIS, ISIL) នៅភាគខាងត្បូងទីក្រុង Marawi ។

នៅអំទ្បុងពេលដែលជួបជាមួយ លោកពូទីន ប្រធានាធិបតីប្រទេសហ្វីលីពីន បាននិយាយថា «ខ្ញុំបានមកទីក្រុងម៉ូស្គូ គឺដើម្បីចង់ឲ្យធានាបាននូវការគាំទ្ររបស់អ្នក (រុស្ស៊ី) និងបញ្ជាក់អំពីចំណងមិត្ដភាពរបស់យើងផងដែរ» ។

លោក Duterte សម្តែងការសោកស្តាយ ខណៈដែលខ្លួនបានចាកចេញពីប្រទេសរុស្ស៊ីយ៉ាងតក់ក្រហល់ បន្ទាប់ពីមានពួកអង្គភាព ISIS បានកាន់កាប់នៅខេត្តមីនដាណាវ ហើយដែលនៅពេលនេះ កំពុងមានការប្រយុទ្ធប្រឆាំង និងប៉ះទង្គិចគ្នានៅទីនោះ។

ក្នុងនោះដែរលោក Duterte បានហៅសមភាគីរុស្ស៊ីថា ជាដៃគូដ៏គួរឲ្យទុកចិត្ត ថែមទាំងបានអះអាងថា ទីក្រុងម៉ានីល គឺត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ព្រមទាំងសម្លឹងមើលឆ្ពោះទៅមុខ សម្រាប់ការទិញអាវុធពីរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវករ នៅក្នុងប្រទេស៕

មតិយោបល់