ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅហ្វីលីពីន សម្លាប់មនុស្ស ២៦នាក់ ខណៈជើងហោះហើរជាច្រើន ត្រូវបានលុបចោល

ហ្វីលីពីនៈ តាមអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលមួយចំនួនទៀត កំពុងបាត់ខ្លួន ក្នុងខេត្តកោះមួយ នៅភាគកណ្តាលប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិច Kai-tak បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ព្យុះមួយនេះ ថែមទាំងបានកាត់ផ្ដាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី នៅតំបន់ជាច្រើន ដែលបានបង្ខំឲ្យលុបចោលជើងហោះហើរនានា ជាមួយអ្នកដំណើរជាង ១៥,០០០នាក់ ត្រូវបានជាប់គាំងនៅក្នុងកំពង់ផែជាច្រើន ខណៈដែលមនុស្សជិត ៨៨,០០០ នាក់ទៀត បានជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ទីជម្រកសុវត្ថិភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់កោះ Biliran បាននិយាយថា តំបន់ជាច្រើនត្រូវបានជន់លិច ហើយដំណាំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លាញផងដែរ៕

មតិយោបល់