បារាំងៈ បញ្ហាមួយចំនួនរបស់ប្រទេសស៊ីរី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងលើកយកមកធ្វើជារបៀបវារៈសំខាន់ សម្រាប់កិច្ចប្រជុំក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងសមភាគីបារាំងលោក Emmanuel Macron ដោយអ្នកជំនាញ បាននិយាយថា កិច្ចពិភាក្សានេះ ទំនងជាមិននាំទៅរកការទម្លាយភាពទាល់ច្រក ចំពោះទំនាក់ទំនងទ្វេភាគីដ៏អាប់អួរនៃប្រទេសទាំង ពីរទ្បើយ បន្ទាប់ពីការដឹកនាំរបស់អតីតប្រធានាធិបតីបារាំងមុន គឺលោក Francois Hollande ។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសមួយជាមួយភ្នាក់ងារ RT, អ្នកជំនាញរុស្ស៊ី បាននិយាយថា ការពិតដែលថា កិច្ចចរចានេះ នឹងត្រូវបានប្រារព្ធធ្វើឡើងនៅ Versailles ដើម្បីបង្ហាញពីចេតនាក្រុងប៉ារីស បន្ទន់ឥរិយាបទក្រោយពីធ្លាប់ មានរឿងមិនល្អ ដែលបានបង្កដោយអតីតប្រធានាធិបតីបារាំង លោក Francois Hollandeនៅក្នុងកិច្ចប្រជុំជាមួយនឹងលោកពូទីន កាលពីខែតុលា ឆ្នាំ ២០១៦ ។
រហូតមកទល់ពេលនេះ គ្មាននរណាម្នាក់រំពឹងទុកថា ប្រធានាធិបតីបារាំងថ្មី លោក Macron នឹងចាប់ផ្តើមជួសជុលចំណងទំនាក់ទំនង ជាមួយរុស្ស៊ីយ៉ាងឆាប់រហ័សនោះទេ។ ប៉ុន្តែជាក់ស្ដែងនៅពេលនេះ គេបានឃើញអំពីគោលបំណងច្បាស់មួយ ក្នុងការដោះស្រាយភាពចម្រូងចម្រាសមួយ រវាងរុស្ស៊ី និងបារាំង តាមរយៈការទំនាក់ទំនងដោយផ្ទាល់៕
មតិយោបល់