ហ្វីលីពីន: អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធក្នុងប្រទេស នៅថ្ងៃចន្ទ បាននិយាយថា កងកម្លាំងរដ្ឋាភិបាល គ្រប់គ្រងស្ថានការបានទាំងស្រុងនៅទីក្រុង Marawi ហើយការប៉ះទង្គិចគ្នាជាមួយក្រុម Maute ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម ក៏នឹងត្រូវដល់ទីបញ្ចប់ឆាប់ៗខាងមុខនេះផងដែរ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧។
ឧត្តមសេនីយត្រីលោក Restituto Padilla Jr. បាននិយាយថា «កម្លាំងរបស់យើង បានគ្របគ្រងស្ថានការណ៍ ទីក្រុងទាំងស្រុង លើកលែងតែតំបន់មួយចំនួន ជាកន្លែងដែលពួកសកម្មប្រយុទ្ធនៅបន្តកាន់កាប់ ខណៈដែលកងកម្លាំង នឹងប្រតិបត្ដិការបោសសម្អាតជាបន្តបន្ទាប់ទៅទៀត។
លោក Padilla បានបន្ថែមទៀតថា «យើងអាចគ្រប់គ្រងស្ថានការណ៍ទាំងក្នុង និងក្រៅ ចំពោះអ្នកដែលធ្វើការផ្លាស់ទី ឬមិនផ្លាស់នៅជុំវិញទីក្រុងក៏ដោយ ហើយនៅពេលនេះ យើងកំពុងតែព្យាយាមបំបែកពួកក្រុមទាំងនោះ ចេញពីពលរដ្ឋដែលរស់នៅទីនោះ»។
ក្នុងនោះដែរ លោកក៏បានបញ្ជាក់ដែរថា យោធានឹងធ្វើការបញ្ចប់ប្រតិបត្តិការនេះ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ទោះបីជាពួកគេ នៅមិនទាន់អាចកំណត់ពេលវេលាបញ្ចប់វាជាក់លាក់ក៏ដោយ។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការវាយឆ្មក់របស់កងកម្លាំងរដ្ឋាភិបាល ទៅលើពួកសកម្មប្រយុទ្ធ បានបណ្ដាលឲ្យចំនួន អ្នកស្លាប់នៅទីក្រុង Marawi កើនទ្បើងលើស ១០០ នាក់ហើយ ក្នុងនោះរួមបញ្ជូលទាំងជនស៊ីវិល ២៧ នាក់ និងភេរវករ ៦១ នាក់។ តាមសេចក្ដីរាយការណ៍ បានអះអាងថា ប្រជាពលរដ្ឋប្រមាណជា ២,០០០ នាក់ កំពុងត្រូវបានទ្បោមព័ន្ធដោយពួកសកម្មប្រយុទ្ធ Maute ហើយប្រសិនបើនរណាម្នាក់ ព្យាយាមរត់គេខ្លួនចេញពី ទីក្រុងនោះ នឹងត្រូវពួកភេវរករ ISIS សម្លាប់ចោល ៕
មតិយោបល់