ព័ត៌មានអន្តរជាតិ

សប្បាយក្លាយជាទុក្ខ, មនុស្ស ៣០នាក់ នៅក្នុងពិធីបុណ្យលាបពណ៌ដ៏ល្បីល្បាញនៅឥណ្ឌា

(ឥណ្ឌា)៖ មនុស្ស ៣០នាក់បានស្លាប់ និង ៤០នាក់រងរបួស បន្ទាប់ពីការសប្បាយ រីករាយបានប្រែក្លាយទៅជាទុក្ខ ព្រោះអំពើហិង្សា និង គ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី បានកើតឡើងនៅ រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦។
អាជ្ញាធររដ្ឋ Uttar Pradesh បានអះអាងថា មនុស្សស្លាប់ទាំងនោះគឺស្ថិតនៅតំបន់ផ្សេងគ្នាទូទាំងរដ្ឋ ហើយអំពើហិង្សា និង ការធ្វេសប្រហែសរបស់ប្រជាជនទាំងនោះ បានកើតឡើងជាច្រើនករណី ដែលជាហេតុនាំឲ្យអាជ្ញាធរពិបាកគ្រប់គ្រង ទើបបណ្តោយឲ្យមានមនុស្សស្លាប់ជាច្រើននាក់បែបនេះ។ 
មនុស្សស្លាប់ចំនួន ១៩នាក់ គឺនៅទីក្រុង Lucknow របស់រដ្ឋ Uttar Pradesh ដោយសារតែពួកគេឈ្លោះ ប្រកែកគ្នា រហូតកើតជាហិង្សា និង មួយចំនួនទៀតបានស្លាប់ដោយតែគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយគ្រឿងស្រវឹង។ គួរបញ្ជាក់ថា ពិធីបុណ្យលាបពណ៌បានធ្វើឡើងទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃ ព្រហស្បតិ៍ ប៉ុន្តែមានតែរដ្ឋមួយប៉ុណ្ណោះ ដែលកើតគ្រោះថ្នាក់រហូតដល់មានមនុស្សបាត់បង់ជីវិតច្រើន៕

មតិយោបល់