(ភ្នំពេញ) ៖ នារី ០២នាក់ជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា បានសម្រេចចិត្តបបួលគ្នាផឹកថ្នាំបំពុលសត្វល្អិត ដើម្បីសម្លាប់ខ្លួន ហើយត្រូវបានខាងភាគីនារីជាតួបុរសបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងនារីជាស្រីស្នេហ៍ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដូចគ្នា ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សកែវ ។
បើតាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា នារីដែលបានស្លាប់នោះ មានឈ្មោះ ស្រី លីន (ជាតួប្រុស) មានស្រុកកំណើតនៅភូមិទម្លាប់ ឃុំសោម ខេត្តតាកែវ ។ ចំណែកឯនារីជាស្រីស្នេហ៍ឈ្មោះ វ៉ាន សីុវមីុ អាយុ១៦ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមប្រភពព័ត៌មានបានបន្តទៀតថា នារីរងគ្រោះទាំង ០២នាក់ បានស្រឡាញ់គ្នារយៈពេលជិត ២ខែមកហើយ គឺតាមរយៈតេទូរស័ព្ទច្រឡំលេខ ហើយនារីដែលជាតួប្រុសនោះ បានមកដេកលេងជាមួយនារីជាគូស្នេហ៍នៅក្នុងផ្ទះជួលខាងលើជាញឹកញាប់ ។ ក្រោយមកក៏មានការទំនាក់ទំនងគ្នា រួចមកក៏ត្រូវបានក្រុមគ្រួសារនារីរងគ្រោះ និយាយថាកុំឱ្យគិតតែរឿងស្នេហាបែបនេះអី ត្រូវគិតពីការរកសីុ ដើម្បីចិញ្ចឹមជីវិតវិញទៅ ។
ក្រោយពីកើតហេតុ នារីរងគ្រោះទាំង ០២នាក់បាននាំគ្នាលេបថ្នាំបញ្ចប់ជីវិតតែម្តង ។ រួចមកក៏ត្រូវបានក្រុមគ្រួសារឃើញទាន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕



មតិយោបល់