ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ៥ ប្រកាសផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា

UAE: ប្រទេសអារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, បារ៉ែន, អារ៉ាប់រួម (UAE) និងប្រទេសយេម៉ែន បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះ ដោយពួកគេបានចោទប្រកាន់ថា រដ្ឋឈូងសមុទ្រមួយនេះ បានគាំទ្រដល់អំពើភេរវកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ទីភ្នាក់ងាររដ្ឋផ្លូវការ និងប្រភពពីមន្ត្រីម្នាក់របស់អារ៉ាប៊ីសាអូឌីត បានលើកឡើងឲ្យដឹងថា ព្រះរាជា បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូត និងកុងស៊ុលជាមួយប្រទេសកាតា ដើម្បីការការពារសន្ដិសុខជាតិ ពីគ្រោះថ្នាក់នៃអំពើភេរវកម្ម និងភាពជ្រុលនិយម។

មិនត្រឹមតែផ្ដាច់ចំណងការទូតប៉ុណ្ណោះទេ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត ថែមទាំងកាត់ផ្ដាច់ទំនាក់ទំនងព្រំដែនទឹកដី អាកាស និងសមុទ្រ ជាមួយប្រទេសកាតាផងដែរ។

វិធានការនេះ ត្រូវបានធ្វើទ្បើងដោយសារតែ ការរំលោភបំពានលើសេចក្ដីទុកចិត្ត ដោយអាជ្ញាធរក្នុងប្រទេសកាតា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលសេចក្តីថ្លែងការណ៍អារ៉ាប៊ីសាអូឌីត បានធ្វើទ្បើងបន្ទាប់ពីប្រទេសអារ៉ាប់ បានធ្វើការប្រកាសថា កាត់ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋឈូងសមុទ្រមួយនេះ។

ដោយអារ៉ាប់រួម បានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថា គាំទ្រដល់ភាពជ្រុលនិយម និងធ្វើឲ្យខូចដល់ស្ថិរភាពតំបន់។

រីឯបារ៉ែនវិញ បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយប្រទេសកាតា ដោយសារបញ្ហានយោបាយផ្ទៃក្នុង និងចោទប្រកាន់ប្រទេសនេះ គ្រាំទ្រភេរវជន។

ក្នុងនោះដែរ ក្រសួងការបរទេសប្រទេសអេហ្ស៊ីបវិញ បានចោទប្រកាន់ទីក្រុងដូហា នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាំទ្រដល់អំពើភេរវកម្ម ព្រមទាំងបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕

មតិយោបល់