អាមេរិកៈ ស្ថាបនិក និងជានាយកប្រតិបក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថាលោកនឹងឈរឈ្មោះ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២០ ។ នេះបើយោងតាមរយៈ សារព័ត៌មាន scmp ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
លោក Zuckerberg បានប្រាប់ភ្នាក់ងារ BuzzFeed News ថា «គ្មានទេ» ជាការឆ្លើយតបទៅនឹងសំណួរលើកទ្បើងថា លោកនឹងឈរឈ្មោះ សម្រាប់តំណែងប្រធានាធិបតីអាមេរិកនោះ ដោយលោកនិយាយថា «ខ្ញុំកំពុងផ្តោតលើការកសាងសង់សហគមន៍ Facebook របស់យើង និងគម្រោងការងារជាមួយភរិយា» ន័យនេះសំដៅទៅលើការទទួលខុសត្រូវ កំណត់សាជីវកម្មផ្ទាល់ខ្លួន ដើម្បីជំរុញការលើកកម្ពស់សមត្ថភាព និងសក្តានុពលរបស់មនុស្ស ក្នុងវិស័យអប់រំ និងការស្រាវជ្រាវវិទ្យាសាស្រ្ត។
យ៉ាងណាមិញលោក Zuckerberg មិនបានឆ្លើយតបទៅនឹងសំណួរថា តើលោកមានបំណងចង់ក្លាយខ្លួន ជាប្រធានាធិបតីអាមេរិកនោះទេ។
ការឆ្លើយតបរបស់លោក Mark Zuckerberg បានធ្វើទ្បើងបន្ទាប់ពីលោកបានសន្យាថា ខ្លួននឹងធ្វើដំណើរទស្សនកិច្ច រដ្ឋចំនួន ៣០ ក្នុងដែនដីសហរដ្ឋអាមេរិក៕
មតិយោបល់