មីយ៉ាន់ម៉ាៈ ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា លោក U Aung Kyi បានប្រកាសធ្វើសង្គ្រាមប្រឆាំងទៅនឹងការស៊ីសំណូក និងអំពើពុករលួយ ដោយបានរៀបរាប់ថា វាជាសត្រូវក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
លោក U Aung Kyi បានសន្យានៅក្នុងពិធីមួយ នៅទីក្រុងយ៉ានហ្គន កាលពីថ្ងៃចន្ទថា ផែនការរយៈពេល ២ ឆ្នាំ កំពុងត្រូវបានរៀបចំទ្បើង ដើម្បីបំបាត់ការស៊ីសំណូក ភាពអសីលធម៌ និងអំពើខុសឆ្គង។
យ៉ាងណាមិញលោកបានបន្ថែមថា សង្រ្គាមប្រឆាំងអំពើពុករលួយ ត្រូវការវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយផែនការរយៈពេលវែង ដោយវានឹងត្រូវចាប់ផ្តើមពីកិច្ចខិតខំប្រឹងប្រែងលើវិស័យអប់រំ ដើម្បីផ្លាស់ប្តូរឥរិយាបថមួយនេះ ជាពិសេសក្នុងចំណោមយុវជន។
ជាមួយគ្នានេះដែរ លោក U Aung Kyi បានបញ្ជាក់ទៀតថា ដើម្បីស្អប់ និងឆ្លើយថាទេចំពោះអំពើពុករលួយ ក៏ដូចជាការលុបបំបាត់វានោះ គឺត្រូវផ្ដើមចេញពីបុគ្គលក្នុងសង្គម ដែលវាផ្នែកមួយនៃគោលដៅ នៅក្នុងផែនការនេះ៕
មតិយោបល់