ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រុងប៉ារីស បាញ់ជនសង្ស័យក្រុម IS ឲ្យរបួស បន្ទាប់ពីយកញញួរវាយប្រហារលើពួកគេ

បារាំងៈ បុរសម្នាក់ ដែលគេជឿថា ជាជនសង្ស័យក្រុម IS ត្រូវបានប៉ូលិសបាញ់ឲ្យរបួស នៅថ្ងៃអង្គារ ក្រោយពីគាត់បាន​កាន់ញញួរសំដៅវាយប្រហារទៅលើមន្ត្រីប៉ូលិស នៅក្បែរព្រះវិហារ Notre Dame ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ជនសង្ស័យរូបនោះ បានធ្វើការវាយប្រហារទៅលើមន្រ្តីប៉ូលិសទីក្រុងបារីស ចំនួនបីនាក់ នៅទីធ្លារខាងមុខ​ព្រះវិហារ Notre Dame និងបានស្រែកថា «ទាំងនេះ គឺសម្រាប់ប្រទេសស៊ីរី» ព្រមទាំងបានអះអាងថា ខ្លួនជាសមជិកក្រុម IS ទៀតផង។

ភ្លាមៗនោះដែរ ប៉ូលិសម្នាក់ ក្នុងចំណោមនោះ ក៏បានសម្រេចចិត្តប្រើប្រាស់កាំភ្លើង ដើម្បីបាញ់​ទៅលើជនសង្ស័យរូបនោះ បណ្ដាល​ឲ្យរងរបួស។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ប៉ូលិសកំពុងធ្វើការរឹតបន្តឹងសន្តិសុខក្នុងទីក្រុង ខណៈដែលមនុស្សប្រហែល ៩០០នាក់ ត្រូវបានឃាត់ឲ្យស្ថិត​នៅក្នុង​ព្រះវិហារ ដើម្បីសុវត្ថិភាព៕

មតិយោបល់