ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុករះម៉ូតូ និងរថយន្ត Nissan Frontier ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាត ធ្លាក់កាងមុខ។ចំណែកម៉ូតូរងការខូចខាត សំណាងណាស់គ្មានអ្នករបួស។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខប៉ុស្តិ៍២៤ម៉ោង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Nissan Frontier ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL- 0952 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវវេងស្រេង ក៏ឆ្លងផ្លូវបំណងបត់ទៅលិច ស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3756 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលមកបុកចំផ្នែកក្បាលរថយន្តតFrontierបណ្តាលឲ្យរងការខូចខាតធ្លាក់កាងរថយន្ត ហើយបន្តទៅប៉ះនឹងម៉ូតួមួយគ្រឿងទៀត រងការខូចខាតបន្តិចបន្តួច ហើយបន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយនោះ តៃកុងរថយន្តកុងតឺន័រ បានចុះពីរថយន្តហើយគេចខ្លួនបាត់ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។ ចំណែកភាគីខាងម៉ូតូដោយសារតែរងរបួសស្រាលនិងមិនចង់មានរឿងវែងឆ្ងាយក៏ជិះម៉ូតូចេញទៅបាត់ទៅ។
លុះមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ចេញមុខមកដោះស្រាយតែដោយសារតែភាគីទាំងសងខាងប្រកែកយកត្រូវរៀងខ្លួន ទើបក្រោយពេលកើតហេតុជិតមួយម៉ោង ភាគីខាងរថយន្តតឺន័របានសងថ្លៃការខូចខាតដល់រថយន្តNissan Frontierចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕
ព័ត៌មានជាតិ
មតិយោបល់