ហ្វីលីពីន: កងកម្លាំងពិសេសអាមេរិក បានចូលរួមការប្រយុទ្ធប្រឆាំង ដើម្បីកម្ទេចពួកសកម្ម ប្រយុទ្ធលាក់ខ្លួន ក្នុងទីក្រុងមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពី ខណៈដែលកងកម្លាំងរដ្ឋាភិបាល កំពុងជួបការលំបាក ក្នុងការបន្តប្រយុទ្ធឆ្ពោះទៅមុខ ដោយទាហានម៉ារីនចំនួន ១៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំង នៅតាមជាយទីក្រុងផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៧។
មន្ត្រីហ្វីលីពីន បាននិយាយថា យោធាអាមេរិក បានផ្តល់ជូននូវជំនួយបច្ចេកទេស ដល់កងកម្លាំងរដ្ឋាភិបាល ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដ៏ក្តៅគគុក ជាមួយក្រុមសម្ព័ន្ធមិត្តយុទ្ធជនរដ្ឋអ៊ីស្លាម នៅទីក្រុង Marawi អស់រយៈពេលបីសប្តាហ៍ទីមកហើយ ខណៈមិនទទួលបានផ្លែផ្កាអ្វីទ្បើយ។
អ្នកនាំពាក្យយោធាលោកវរសេនីយ៍ទោ Lieutenant Colonel Jo-Ar Herrera បានប្រាប់នៅសន្និសីទកាសែតមួយ ក្នុងទីក្រុង Marawi ថា «ពួកគេ (អាមេរិក) មិនចូលរួមប្រយុទ្ធប្រឆាំងនោះទេ។ ពួកគេគ្រាន់តែជួយផ្តល់នូវការគាំទ្រ ផ្នែកបច្ចេកទេសប៉ុណ្ណោះ»។
មន្ត្រីស្ថានទូតអាមេរិក បានបញ្ជាក់ថា ការផ្ដល់ជំនួយគាំទ្រនេះ បានធ្វើទ្បើងតាមសំណើរបស់រដ្ឋាភិបាលហ្វីលីពីន ប៉ុន្តតែមិនបានផ្ដល់ព័ត៌មានឲ្យបានលម្អិតនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា យន្តហោះ P3 Orion របស់សហរដ្ឋអាមេរិក បានហោះឃ្លាំមើល នៅលើទីក្រុងនោះ កាលពីថ្ងៃសុក្រ ។
គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នានៅប្រទេសហ្វីលីពីន រវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម នៅទីក្រុង Marawi បានចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយបញ្ហាជម្លោះប្រដាប់អាវុធនេះ បានបណ្តាលឲ្យស្លាប់កម្លាំងយោធាហ្វីលីពីនសរុប៥៨នាក់, ជនស៊ីវិល ២០នាក់ និងក្រុមសកម្មប្រយុទ្ធរាប់រយនាក់ទៀត ៕

មតិយោបល់