ព័ត៌មានជាតិ

កុងតឺន័រ២គ្រឿងពន្លះគ្នាពេញទំហឹងរួចបន្តជ្រុលទៅបុកម៉ូតូស្មាស់១គ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់…

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកុងតឺន័រ២គ្រឿងបានបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរុញផ្ទប់រថយន្តនៅខាងមុខ បន្តទៅបុកជាមួយនឹងម៉ូតូស្មាស់ពេញទំហឹង យ៉ាងហោចណាស់មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីយប់ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីទ្បូម៉ែត្រលេខ១៧-១៨ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1534 បើកបរដោយឈ្មោះ ប្រាក់ វន្តា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំរុងរឿងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់រថយន្ត ដើម្បីត្រួតពិនិត្យរថយន្ត ខណៈដែលកំពុងតែត្រួតពិនិត្យរថយន្តដែលខ្លួនបើកបរនោះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពាក់ស្លាកលេខ ស្វាយរៀង 3A-0927 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលទៅបុករថយន្តកុងតឺន័រដែលឈប់ពីក្រោយពេញទំហឹងបណ្តាលឲ្យតៃកុងរថយន្តទាំង២រងរបួសធ្ងន់ ចំណែករថយន្តដែលនៅខាងមុខ បានជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1D-1617 បើកបរដោយឈ្មោះ វីង គឹមអេង ភេទស្រី ឌុបកូនស្រីពីក្រោយ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ រាជធានីភ្នំពេញ ត្រូវអ្នកបើកម៉ូតូរងរបួសស្រាល អ្នកជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ផ្សារគគីរ ស្រុកកៀនស្វាយ។ចំណែកឯតៃកុងរថយន្តទាំង២ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ៕

https://youtu.be/M4niw__BiiI

មតិយោបល់