ព័ត៌មានអន្តរជាតិ

អាមេរិកបាញ់ទម្លាក់យន្តចម្បាំងស៊ីរី ខណៈពួកសម្ព័ន្ធមិត្តទើបទម្លាក់គ្រាប់បែក

ស៊ីរី: យន្តហោះច្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់យន្តចម្បាំងស៊ីរី កាលពីថ្ងៃអាទិត្យ ដែលក្រុមចម្រុះដឹកនាំ ដោយអាមេរិក បាននិយាយថា ការវាយប្រហារនេះ បានធ្វើទ្បើងបន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួន បើកការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

ការប្រយុទ្ធគ្នាកាន់តែកើនសន្ទុះខ្លាំងទ្បើង ក្រោយពីសង្គ្រាមអស់រយ:ពេល ០៦ ឆ្នាំ នៅស៊ីរី បានបង្កជាភាពស្មុគ្រស្មាញកាន់តែច្រើន ជាមួយកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលបានប្រតិបត្តិការវាយប្រហារ ទៅលើមូលដ្ឋាន IS នៅភាគខាងជើងទីក្រុងរ៉ាកា ជិតនិងទីតាំងទាហានដែលគាំទ្រដោយរបបរុស្ស៊ី។

ជាងនេះទៅទៀត រដ្ឋាភិបាលស៊ីរី កំពុងតែជួបបញ្ហាកាន់តែស្មុគស្មាញបន្ថែមទ្បើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបាញ់គ្រាប់មីស៊ីល កាលពីថ្ងៃអាទិត្យ ដើម្បីវាយប្រហារប្រឆាំងនឹងមូលដ្ឋានភេរវករ នៅភាគឦសានខេត្ត Deir Ezzor របស់ប្រទេសស៊ីរី ជាការសងសឹកចំពោះការវាយប្រហារសម្លាប់ប្រជាជន នៅរដ្ឋធានីរបស់ខ្លួន ដែលត្រូវបានធ្វើទ្បើងដោយពួកភេរវករ IS។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយអាមេរិក (SDF) បាននិយាយថា សម្ព័ន្ធមិត្តឃឺដ និងពួកយុទ្ធជនអារ៉ាប់ បានប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ នៅទីក្រុងរ៉ាកា និងបានវាយបំបែកឆ្ពោះចូលទៅក្នុងទីក្រុង ដែលជាបន្ទាយកាន់កាប់ដោយពួក IS ដ៏រឹងមាំ កាលសប្តាហ៍មុន។

គួរបញ្ជាក់ដែរថា កងកម្លាំងរដ្ឋាភិបាល មិនមានសកម្មភាពជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា នៅក្នុងទីក្រុងរ៉ាកាទេ ប៉ុន្តែពួកគេបានដឹកនាំការប្រយុទ្ធសំដៅឆ្ពោះទៅតំបន់ភាគនិរតីនៃទីក្រុង ដែលជាខេត្តសម្បូរប្រេងរបស់ពួកគេ៕

មតិយោបល់