អង់គ្លេសៈ រដ្ឋភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May នៅថ្ងៃពុធបានផ្ដួរការប្រឈមមុខ នៅសភាជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបោះឆ្នោតដ៏មហន្តរាយ កាលពីដើមខែនេះ ដោយគណបក្សលោកស្រី មិនសូវទទួលបានប្រជាប្រិយភាពដូចមុនទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
វិសោធនកម្មមួយ ត្រូវបានបរាជ័យដោយសំទ្បេងគាំទ្រ ៣២៣ ទល់នឹង ៣០៩ សំទ្បេង ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពថ្មីមួយ នៅក្នុងសភាប្រទេសអង់គ្លេស នាបច្ចុប្បន្ន គឺគណបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី ត្រូវការការគាំទ្រពីគណបក្ស DUP បន្ទាប់ពីការបាត់បង់អាសនៈភាគច្រើនរបស់ពួកគេ នៅក្នុងការបោះឆ្នោតកន្លងទៅ។
គណបក្សអភិរក្ស បានរំពឹងថា នឹងបង្កើនសំឡេងភាគច្រើនរបស់ពួកគេ នៅក្នុងការបោះឆ្នោត ប៉ុន្តែមេដឹកនាំបក្សឆ្វេងនិយម លោក Jeremy Corby បានទាញយកប្រជាប្រិយភាពខ្លួនពីអ្នកបោះឆ្នោត ដោយការផ្តល់នូវការវិនិយោគលើវិស័យសាធារណៈ។
គួរបញ្ជាក់ដែរថា ដោយសារសភាគណបក្សអភិរក្ស មានត្រឹមតែអាសនៈចំនួន ៣១៧ ប៉ុណ្ណោះ ក្នុងចំណោមអាសនៈសភាសរុបចំនួន ៦៥០ ហេតុដូចនេះ បក្សអភិរក្សរបស់លោកស្រី May ត្រូវការការគាំទ្រពីសមាជិកសភាគណបក្ស DUP ១០ រូបបន្ថែមទៀត៕
មតិយោបល់