អាមេរិកៈ លោកស្រី Heather Wilson អគ្គលេខាធិការកងកម្លាំងទ័ពអាកាសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិកកំពុងខិតចូល ទៅកាន់តែជិតនូវការអភិវឌ្ឍមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ៥ ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ដោយលោកស្រី Wilson បាននិយាយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា ក្រុមអ្នកជំនាញមួយ នៅក្រុងវ៉ាស៊ីនតោន កំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមរយៈការអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មី។
ក្នុងនោះលោកស្រីបានបន្ថែមថា បច្ចុប្បន្នកងទ័ពអាកាសអាមេរិក កំពុងប្រតិបត្តិការផ្កាយរណបចំនួន ៨០ នៅក្នុងលំហ។ ការអត្ថាធិប្បាយរបស់លោកស្រី បានឆ្លើយតបទៅនឹងរបាយការណ៍ ដែលលើកឡើងថា រុស្ស៊ីកំពុងអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មី បន្ទាប់ពីក្រុងវ៉ាស៊ីងតោន បានប្រកាសពីផែនការ ចាកចេញពីសន្ធិសញ្ញា INF ។
ក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើសន្ធិសញ្ញានេះ ជាយូរមកហើយមុនពេលដែលអាមេរិក បានប្រកាសថា ដកខ្លួនចេញពីសន្ធិសញ្ញាមួយនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ រុស្ស៊ីក៏បានច្រានចោលការអះអាង ពីបទរំលោភបំពានរបស់ខ្លួនផងដែរ ហើយបានប្រកាសថា ខ្លួននឹងចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធសព្វាវុធថ្មី ដើម្បីជាការប្រណាំងប្រជែងបន្ត ជាមួយអាមេរិក និងចិន៕
មតិយោបល់