ចិនៈ កាសែតប្រចាំថ្ងៃចិន PLA បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានកៀរគរយានជំនិះរាប់ពាន់គ្រឿង និងសម្ភារៈយោធាដទៃទៀត ខណៈស្ថានការណ៍ នៅតែបន្តភាពទាល់ច្រក រវាងកងកម្លាំងរដ្ឋាភិបាលចិន និងឥណ្ឌានៅជិតតំបន់ជម្លោះស៊ីគគីម។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងគ្រឿងសម្ភារៈ ដែលជាទ្រព្យសម្បត្តិយោធា ត្រូវបានផ្លាស់ទីតាំង ទៅកាន់តំបន់ទីបេ គឺមិនមានរបាយការណ៍ណាមួយ បានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ ប៉ុន្តែកាសែតប្រចាំថ្ងៃចិន PLA បានរាយការណ៍ថា វាបានធ្វើឡើងនៅចុងខែមិថុនាកន្លងទៅ។
យ៉ាងណាមិញ គេក៏នៅមិនដឹងដែរថា យោធាបានដឹកជញ្ជូនសម្ភារៈទាំងនោះ តាមរយៈផ្លូវដែក ឬផ្លូវធម្មតានោះទេ ហើយឧបករណ៍យោធា ដែលត្រូវបានប្រើជាមួយនឹងកងវរសេនាតូចរបស់ចិន ដែលទើបបញ្ចប់ការធ្វើសមយុទ្ធនៅទីបេ ជាខេត្ដដ៏ធំទីពីររបស់ចិន ក៏មិនទាន់ត្រូវបានធ្វើការបង្ហាញផងដែរ។
កាលពីចុងសប្តាហ៍មុន PLA បានផ្សាយផ្ទាល់ពីការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតរបស់ទីក្រុងប៉េកាំង នៅក្នុងខេត្តនោះ តាមរយៈទូរទស្សន៍ស៊ីស៊ីធីវី ដោយក្រុមអ្នកវិភាគ បាននិយាយថា សកម្មភាពនេះ បានបង្ហាញថា រដ្ឋាភិបាលចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន ក្នុងអំទ្បុងពេលភាពតានតឹងកាន់តែខ្លាំងឡើង និងកាន់តែក្តៅគគុក ជាមួយរដ្ឋាភិបាលឥណ្ឌា។
គួរបញ្ជាក់ដែរថា ជម្លោះនៅតំបន់ស៊ីគគីម បានកើតទ្បើងនៅពាក់កណ្តាលខែមិថុនា នៅពេលកងទ័ពឥណ្ឌា បានបញ្ឈប់កម្មករចិនពីការសាងសង់ផ្លូវ ដែលក្រុងប៉េកាំងបាននិយាយថា ទីនោះស្ថិតនៅលើទឹកដីរបស់ខ្លួន៕
មតិយោបល់