ព័ត៌មានជាតិ

បង្ក្រាបហាងយីហោ រ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើងមួយកន្លែងបង្កប់សេវាផ្លូវភេទខុសច្បាប់ឃាត់ខ្លួនមនុស្ស៥នាក់

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន៥នាក់ជាអនីតិជន នៅហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង បង្កប់សេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះធ្វើការបង្ក្រាប់ជាក់ស្ដែង ដោយលោក វរសេនីយ៍ឯក ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងហាងរ៉ូសកាត់សក់បុរស ម៉ាស្សារប្រេងនិងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅចំណុចទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យជាម្ចាស់ទីតាំង មានឈ្មោះ សុខា សុថារី អាយុ៣៨ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះទីតាំងហាង រ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ចំពោះទីតាំង ខាងលើនេះ ដោយដាក់យីហោ ហាងរ៉ូស កាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង តែបង្កប់បម្រើសេវាផ្លូវភេទ។

ដោយឡែកបើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង៤ដុល្លារ ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដងតម្លៃ២០ដុល្លារទៅ៣០ ដុល្លារ។

បច្ចុប្បន្នស្រី្តសង្ស័យជាម្ចាស់ទីតាំង ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

មតិយោបល់