ព័ត៌មានសិល្បៈ និងកម្សាន្ត

លេចចម្រូងចម្រាសរវាង ម៉ារ៉ា ប៊ុណ្ណា និង តារាចម្រៀង ខេម ជុំវិញរឿងចាស់

ក្នុងពេលលោកខេមចេញបទ«ជីវិតអ្នកប្រដាល់» គេចាប់អារម្មណ៍ត្រឹមថាតារាចម្រៀងប្រចាំផលិតកម្មថោនមួយនេះរងការរិះគន់តែរឿងទំនុកច្រៀងមានប្រតិកម្មព្រោះតែប្រដូចអ្នកប្រដាល់ទៅនឹងសត្វតិរិច្ឆានប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងពេលនេះមួយបទ«ជីវិតអ្នកប្រដាល់»របស់លោកខេមដដែលនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកផ្ទុះការរិះគន់ជាថ្មី ដោយសារតែបទរបស់លោក ត្រូវបានគេអះអាងជាស្នាដៃចម្លងតាមគំនិតរបស់លោក ម៉ារ៉ា ប៊ុណ្ណា នោះទៅទៀត។

មិនដឹងថាជារឿងចៃដន្យ ឬជាការលួចគំនិតពីគ្នានោះទេ ក្នុងពេលដែលបទ« ជីវិតអ្នកប្រដាល់»របស់លោកខេម និងបទ«អនិច្ចារស្នេហាអ្នកប្រដាល់» របស់ម៉ារ៉ា ប៊ុណ្ណា ក្រៅពីមានទំនុកច្រៀងស្រដៀងគ្នាទៅហើយ គឺថែមទាំងមានសាច់ភ្លេងពីបទ«ជ្រោះអូរយ៉ាដាវ» តែមួយទៅទៀត។ ក្នុងពេលបទនេះចេញផុសភ្លាមៗ គេមិនបានចាប់អារម្មណ៍ថាលោកម៉ារ៉ា ប៊ុណ្ណា ក៏មានបទនឹងនោះទេ ដោយឃើញតែបទរបស់លោកខេមប៉ុណ្ណោះ ពិសេសបន្ទាប់ពីមានការរិះគន់។ អ៊ីចឹងហើយទើបម្នាក់ស្រឡាំងកាំង នៅពេលបទរបស់លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវបានគេចាប់អារម្មណ៍នាពេលថ្មីៗ ហើយស្រាប់តែមានការបញ្ជាក់ថាបទនេះចេញបង្ហោះជាMV ទៅហើយ ទើបឃើញបទរបស់លោកខេម ចេញជា Audio តាមក្រោយ ទន្ទឹមនឹងការផ្ទុះការរិះគន់លេចឡើង។

លោក ម៉ារ៉ា ប៊ុណ្ណា បានបង្ហាញភស្តុតាងជាច្រើនបញ្ជាក់ថាបទរបស់លោកផលិតឡើងមុនបទចម្រៀងរបស់លោកខេម តែមកពីក្រោយការបង្ហោះបទចម្រៀងមួយនេះមិនមានការចាប់អារម្មណ៍ទើបអ្នកខ្លះមិនបានដឹងថាមានបទរបស់លោកមុន ទើបមានបទលោកខេមតាមក្រោយ។ លោកថាមួយបទនេះ លោកបាននិពន្ធឡើងក្នុងពេលអតីតកីឡាករជៀស ស្រួច បង្ហាញខ្លួន ដោយខ្លឹមសារសំខាន់គឺនិយាយពីទុក្ខលំបាករបស់កីឡាប្រដាល់ និងលើកពីស្នេហាបរាជ័យរបស់ ជៀស ស្រួច។

លោកថាបទនេះបានជ្រើសយកសាច់ភ្លេងក្នុងបទ«ជ្រោះអូរយ៉ាដាវ»មកច្នៃ ដោយក្រោយបង្ហោះជា MV បាន៣បួនថ្ងៃ ទើបឃើញលោកខេម ចេញបទនេះតាមលំនាំដូចគ្នាជា Audio នៅឡើយ។ លោកសម្ដែងការភ្ញាក់ផ្អើល និងចាត់ទុកថាជារឿងចៃដន្យយ៉ាងកម្រ ដែលបទរបស់លោក និងលោកខេម ជាបទទំនុកថ្មីដូចគ្នា ដោយនិយាយពីប្រវត្តិកម្សត់របស់កីឡាប្រដាល់ដូចគ្នា ហើយថែមទាំងជ្រើសយកបទ«ជ្រោះអូរយ៉ាដាវ»មកច្នៃ ដូចគ្នាទៅទៀត។ លោកមិនចាត់ទុកថាលោកខេម និងអ្នកនិពន្ធបទនេះឲ្យលោកខេមច្រៀងចម្លងគំនិតពីខ្លួន និងក្រុមការងារនោះទេ ដោយលោកគ្រាន់តែចាត់ទុកថាជារឿងចៃដន្យ បើទោះជាអ្នកលេងហ្វេសប៊ុកលើកឡើង ច្រើនឡើងៗថាលោកខេម និង អ្នកនិពន្ធបទ«ជីវិតអ្នកប្រដាល់» បានចម្លងគំនិតពីបទចម្រៀងរបស់លោកម៉ារ៉ា ប៊ុណ្ណា ដោយផ្អែកតាមពេលវេលាបង្ហោះបទនេះឡើង នៅលើ Youtube គឺឃើញពេលវេលាបទរបស់លោកម៉ារ៉ា ប៊ុណ្ណា ឡើងមុន។

យ៉ាងណាមិញជុំវិញការប្រកាសរបស់ លោក ម៉ារ៉ា ប៊ុណ្ណា នៅមិនទាន់មានការទទួលស្គាល់ពីលោកខេម និងលោក ងួន សុបិន្ត ដែលជាអ្នកនិពន្ធថាបទ«ជីវិតអ្នកប្រដាល់» ដែលរងការរិះគន់ក្នុងពេលមិនទាន់កែប៉ារ៉ូលនោះ ថាពិតជាបានចេញក្រោយបទ«អនិច្ចារស្នេហាអ្នកប្រដាល់» របស់លោកម៉ារ៉ា ប៊ុណ្ណានោះទេ។

ចង់ដឹងថាបទទាំងពីរមានខ្លឹមសារ និងសាច់ភ្លេងចៃដន្យនឹងគ្នាកម្រិត សូមធ្វើការវិភាគ៖

https://youtu.be/KvV0HnUDEfA

https://youtu.be/EM7nB1ReJaQ

មតិយោបល់